ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែង ដែលលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូ) ដោយឃាត់ខ្លួនមនុស្សស្រី៣នាក់ និងចាប់យកវត្ថុតាងមួយចំនួនទៀតផង។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេ តាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ២០០៤ (ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រតិបត្តិការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការចូលរួមពី លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍ អូរបែកក្អម រួមនឹងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាតនូវល្បែងស៊ីសងតាមអនឡាញ រួមទាំងល្បែងស៊ីសងដទៃៗទៀតដែរ។
លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហើយ ដើម្បីដឹកនាំកម្លាំងចុះស្រាវជ្រាវ ករណីក្រុមហ៊ុន ស៊ីន នីវ ដែលប្រជាពលរដ្ឋរាយការណ៍ថា បាននិងកំពុងបើកល្បែងស៊ីសងតាមអនឡាញ Keno Online ជ្រកក្រោមស្លាក ឆ្នោតឡូតូ ។

លោកឧត្តមសេនីយ៍ឯក សៀង សេន បន្តថា ក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍មែននោះ គឺសមត្ថកិច្ចនឹងចាត់ការតាមច្បាប់តែម្តង។
មជ្ឈដ្ឋានជាច្រើនមើលឃើញថា ក្រុមហ៊ុន ស៊ីន នីវ ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើអាជីវកម្មឆ្នោតឡូតូ បាននិងកំពុងបំប្លែងឆ្នោតឡូតូ មួយនេះទៅជាល្បែងស៊ីសងតាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយ គ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ ថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕