Sunday, July 27, 2025
Homeព័ត៌មានជាតិទង្វើបែបនេះ សូមកុំធ្វើតទៅទៀតអី... ទប់អារម្មណ៍ទាំងអស់គ្នា

ទង្វើបែបនេះ សូមកុំធ្វើតទៅទៀតអី… ទប់អារម្មណ៍ទាំងអស់គ្នា

ភ្នំពេញ ៖ បុរសម្នាក់ដែលបានធ្វើសកម្មភាពចាប់ឃាត់ជនសង្ស័យម្នាក់ ដែលត្រូវប្រជាពលរដ្ឋអះអាងថា បានប្រព្រឹត្តបទល្មើសលួច (គាស់បន្ទប់) នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រួចប្រើអំពើហិង្សា វាយដំទាត់ធាក់ទៅលើជនសង្ស័យយ៉ាងចាស់ដៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននាំយកមកសាកសួរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី១ បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ភ្លាមនោះកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានចុះមកដល់ចំណុចកើតហេតុ ក៏បាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ប្រភពដដែលបន្តថា ម្ចាស់ផ្ទះឈ្មោះយ៉ាន ស៊ីក្រិច ភេទស្រី បានអះអាងថា ជនសង្ស័យឈ្មោះមិញ ស៊ូ ភេទប្រុស អាយុ២១ឆ្នាំ មិនទាន់បានលួចទ្រព្យសម្បត្តិនៅផ្ទះរបស់គាត់នៅឡើយ ដោយគ្រាន់ដើរចូល ក្នុងផ្ទះដោយគ្មានការអនុញ្ញាត ទើបប្រជាពលរដ្ឋផ្អើលឆោឡោយល់ ច្រឡំថាជាចោរ។ ក្រោយពីសមត្ថកិច្ច បានស្រាវជ្រាវ មិនរកឃើញមានតម្រុយថា ជនសង្ស័យឈ្មោះ មិញ ស៊ូ ប្រព្រឹត្តបទ ល្មើសលួចទ្រព្យសម្បត្តិ ក៏បានស្នើសុំគោលការណ៍ និងឱ្យក្រុមគ្រួសារមកធានាទៅលំនៅដ្ឋានវិញ។

លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីឃើញការចែករំលែករូបភាពវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីសកម្មភាពប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះជា សុផាត ហៅវីត ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេការផ្ទះជួល បានព្រួតគ្នាវាយទាត់ធាក់ ទៅលើឈ្មោះមិញ ស៊ូ ដែលត្រូវចោទប្រកាន់ថាប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ បណ្តាលឱ្យរបួសបែកបបូរមាត់។

រហូតដល់វេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានស្រាវជ្រាវនិងឃាត់ខ្លួនឈ្មោះ ជា សុផាត ហៅវីត នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ យកមកសាកសួរចាត់ការតាមនីតិវិធី ចំណែកប្រជាពលរដ្ឋជាច្រើននាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

យ៉ាងណាក៏ដោយ តាមរយៈបទពិសោធន៍មួយនេះ បានបង្ហាញថា ការប្រើប្រាស់អំពើហិង្សាទៅលើជនប្រព្រឹត្តបទល្មើស គឺជាទង្វើខុសច្បាស់ ដែលអាចនាំទុក្ខទោសដល់ខ្លួនឯងទៅវិញទេ។ ចំណែកជនប្រព្រឹត្តបទល្មើសផ្ទុយនឹងច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ប៉ុន្តែការប្រើប្រាស់ហិង្សាទៅលើបុគ្គល ក៏ជាទង្វើមួយខុសច្បាប់ និងមិនគួរឱ្យកើតមាននោះឡើយ៕

RELATED ARTICLES