ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានជនរងគ្រោះដែលត្រូវជាប្អូនថ្លៃអធិការរងខណ្ឌមានជ័យម្នាក់ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ បន្ទាប់ពីជនសង្ស័យរូបនោះបានលួចយកម៉ូតូម៉ាក ស៊ុយស៊ុគីនិច មួយគ្រឿង របស់ជនរងគ្រោះទុកនៅមុខផ្ទះ កាលយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង នៅចំនុចផ្លូវបេតុង ជិតស្ពានទី២ នៅមុខពេទ្យរុស្ស៊ី ក្នុងស្ថានីយប្រេងតេលា ផ្លូវបេតុង ភូមិចំរើនផល សង្កាត់បឹងបឹងទំពុន១ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះឌុល សក្កដា អាយុ ១៩ឆ្នាំ មុខរបរដឹកផលិតផល ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកស៊ុយស៊ុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AI-7140។ ចំណែកជនសង្ស័យ មានឈ្មោះគង់ វីហ្សា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្ទះសំណាក់ប៉ៃលិន ក្នុងសង្កាត់បឹងបឹងទំពុន១ ខណ្ឌមានជ័យ។
តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានទុកម៉ូតូម៉ាក ស៊ុយស៊ុគីនិច ពណ៌ស នៅមុខផ្ទះ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ហើយចូលទៅក្នុងផ្ទះ។ លុះដល់ម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពេលគាត់ចេញមកក្រៅ ក៏បាត់ម៉ូតូតែម្តង។

ម្ចាស់ម៉ូតូបន្តទៀតថា បន្ទាប់ពីដឹងថា ម៉ូតូត្រូវគេលួចហើយ ខ្លួនក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង មកលួចម៉ូតូរបស់ខ្លួន ហើយជនសង្ស័យទាំងនោះ គឺជនរងគ្រោះធ្លាប់ស្គាល់គ្នាតាំងពីក្មេងៗមកម៉្លេះ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរក។

លុះមកដល់ថ្ងៃឃាត់ខ្លួន ជនរងគ្រោះក៏បានជិះម៉ូតូតាមផ្លូវ ប្រទះឃើញជនសង្ស័យ ដូចនៅក្នុងកាមេរ៉ាសុវត្ថិភាព កំពុងតែជិះម៉ូតូកញ្ចាស់នៅតាមផ្លូវ ក៏ឃាត់ខ្លួនម្នាក់ រួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការសាកសួរតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានប្រកែកថា រូបគេមិនបានលួចម៉ូតូនោះទេ ហើយលើកដៃសំពះជនរងគ្រោះឱ្យលើកលែងទោសឱ្យទៅវិញ។ តែបន្ទាប់ពីសាកសួររួច រួមទាំងពាក្យបណ្តឹងមានស្រាប់ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវរកបក្ខពួក២នាក់ទៀត យកមកផ្តន្ទាទោសតាមច្បាប់៕