អ្នកនាងខាត់ សុឃីម បានបញ្ចេញសារកាលពីពេលថ្មីៗនេះថា អ្នកនាងត្រូវការទិញរថយន្ដបង់រំលស់មួយគ្រឿង ហើយបើអ្នកណាអាណិតនាង សូមជួយផង។

ការវាចារបែបនេះរបស់សុឃីម ធ្វើឲ្យអ្នកខ្លះយល់ថា សុឃីម កាន់តែដាច់បាយមែនទែនទៅហើយ ព្រោះជំពាក់ធនាគារច្រើនណាស់ តាំងពីចាញ់បោកក្រុមហ៊ុនអ៊ីណារីតា ដែលថៅកែក្រុមហ៊ុនលោកឌីម ស៊ួនណាត ត្រូវសមត្ថកិច្ចចម្រុះចាប់ខ្លួនពីបទឆបោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដែលធ្វើឲ្យសុឃីម បាត់លុយរាប់សែនដុល្លារនោះ។

ប៉ុន្ដែបើពិនិត្យធាតុពិត សុឃីម មិនដល់ថ្នាក់ធ្លាក់ខ្លួនគ្មានរថយន្ដជិះនោះទេ ហើយសារនោះអាចគ្រាន់តែជាការ Drama តែប៉ុណ្ណោះ។ សុឃីម នៅមានផ្ទះដែលមានតម្លៃ៥០ម៉ឺនដុល្លារ នៅទល់មុខផ្សារដេប៉ូ និងផ្ទះជួលនៅបឹងក្រពើ ខណ្ឌមានជ័យ ហេតុនេះហើយមិនមែនរកតែឡានជិះគ្មាននោះឡើយ ព្រោះគេនៅតែឃើញនាងជិះរថយន្ដទំនើប Lexus RX 450h និងមានឡាន Mercedes ១គ្រឿងផ្សេងទៀត។

ចំណែកក្នុងជំនួបកាលពីពេលថ្មីៗនេះដែរ អ្នកនាងសុឃីម ថែមទាំងបានប្រាប់អ្នកយកព័ត៌មានយើងថា អ្នកនាងនាងត្រៀមបើកសម្ពោធមុខជំនួញថ្មី ទាក់ទងផ្នែកគ្រឿងសម្អាងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះផងដែរ ព្រោះពេលនេះបានរត់ការរួចរាល់សុំសិទ្ធិ (License) ពីក្រសួងពាក់ព័ន្ធហើយ ដែលមុខជំនួញថ្មីនេះ ប្រាកដជាចាយទុនដល់ទៅរាប់ម៉ឺនដុល្លារឯណ្ណោះ។

ការត្រៀមធ្វើថៅកែស្រីរបស់ខាត់ សុឃីម នៅដើមឆ្នាំ២០២១នេះ គឺចំពេលដែលកញ្ញាឌួង ហ្សូរីដា សម្ពោធហាងកាហ្វេ Tube Cafe’ នៅខណ្ឌឬស្សីកែវ ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារនោះ នៅពេលនោះដែរ ហេតុនេះហើយបានជាគេកត់សម្គាល់ឃើញថា តារាល្បីទាំង២ដួង រង់ចាំតែស្ងប់កូវីដ-១៩ បន្ដិច នឹងបញ្ចេញមុខរបរថ្មីរបស់ពួកគេភ្លាមៗតែម្ដង។

មហាជនក៏ចាប់អារម្មណ៍ដែរថា ទាំងសុឃីម និងហ្សូរីដា សុទ្ធតែជាអ្នកពូកែរកស៊ីដូចគ្នា ហេតុនេះហើយថៅកែស្រីទាំង២ នឹងមិនខ្លាចប្រឈមហានិភ័យ ព្រោះតែមុខរបរថ្មីនេះឡើយ ខណៈសុឃីម ថែមទាំងហ៊ាននិយាយថា” មនុស្សខ្ញុំ រឮសកស៊ីមិនកើត សុខចិត្តហែកមាត់ និងកាត់ដៃចោល”៕


