ភ្នំពេញ ៖ ក្មេងស្រីរូបស្រស់ម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា បានអះអាងថា នាងត្រូវបានជនសង្ស័យជាមេខ្យល់ឆបោក នាំទៅលក់នៅឯប្រទេសចិន រយៈពេល៤ខែកន្លងមកហើយ និងកំពុងជួបការលំបាក ព្រមទាំងស្នើឱ្យមានការជួយអន្តរាគមន៍នាងដើម្បីបានវិលត្រឡប់មកលំនៅដ្ឋានវិញ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិម្ចាស់គណនីហ្វេសប៊ុកខាងលើមានឈ្មោះឯល ណារី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន កំពុងបម្រើការងារនៅកាស៊ីណូមួយកន្លែង នៅក្រុងប៉ោយប៉ែត និងមានលំនៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកម្ចាស់គណនីហ្វេសប៊ុកខាងលើនោះ។

តាមរយៈការទំនាក់ទំនងតាមទូរស័ព្ទ បុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់មានឈ្មោះយឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែមកហើយ រូបគាត់បានទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឱ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ដោះស្រាយ។
លោកឧត្តមសេនីយ៍ ជីវ ផល្លី បញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមក ស្នាក់ការនគរបាលនៅខេត្តហឺណាន ប្រទេសចិន ដើម្បីចាត់ការបន្ត។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឱ្យដឹងថា មន្ត្រីជំនាញរបស់នាយកដ្ឋាន បាននិងកំពុងធ្វើការទំនាក់ទំនងសម្របសម្រួលផ្តល់ព័ត៌មានខាងលើទៅឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋាន មេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីឈានដល់ការសម្របសម្រួលជាមួយអាជ្ញាធរចិន រៀបចំបែបបទបញ្ជូន ក្មេងស្រីរងគ្រោះខាងលើឱ្យវិលត្រឡប់មកកម្ពុជាវិញ។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា ជាទិសដៅបន្ត នាយកដ្ឋាននឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរង់ ចាំទទួលជនរងគ្រោះ ហើយក្រោយពេលដែលជនរងគ្រោះបានអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាលរួច មន្ត្រីជំនាញនឹងធ្វើការសម្ភាសន៍ស្វែងរកព័ត៌មានលម្អិត ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យជាមេខ្យល់ និងឈានដល់ការនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែង អំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរចិន និងស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែកលើការងារនេះ និងសូមអរគុណចំពោះ សាធារណជន អ្នកសារព័ត៌មាន បណ្តាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕