ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូដឹកមិត្តស្រីរបស់ខ្លួនចេញមកពីលេងផ្ទះពូវិញ ស្រាប់តែនៅតាមផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម មានគ្នាប្រមាណ១០នាក់ ប្រដាប់ដោយកាំបិតនិងដាវ បានដេញកាប់ប្រហារ បណ្តាលឱ្យយុវជនជាម្ចាស់ម៉ូតូ រងរបួសរយះក្បាល រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ករណីកាប់ប្លន់ម៉ូតូខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងត្បូងក្លោងទ្វាវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះយិន យ៉េន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងម៉ាស៊ីនផលិតដបទឹកសុទ្ធ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ចំណែកម៉ូតូដែលជនសង្ស័យកាប់ប្លន់យកនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ តែឡើងតែមឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-8749។

តាមសម្តីយុវជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីផ្ទះពូនៅម្តុំអូឌឹម ដោយដឹកមិត្តស្រីបំណងត្រឡបទៅ់ផ្ទះវិញ ដោយជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង។

ខណៈមកដល់ចំណុចកើតហេតុ ដោយសារជិះច្រឡំផ្លូវដោយការដ្ឋានកំពុងសាងសង់ផ្លូវចាក់ខ្សាច់បិទផ្លូវម្ខាង ភ្លាមនោះខ្លួនក៏បត់ម៉ូតូទៅក្រោយវិញ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៤ទៅ៥គ្រឿង ប្រដាប់ដោយកាំបិតនិងដាវ បានដេញតាមកាប់ប្រហារមកលើរូបគេបណ្តាលឱ្យរងរបួសធ្ងន់ ត្រង់ក្បាល ហើយភ្លាមនោះពួកខ្លួនភិតភ័យពេកក៏នាំគ្នាស្ទុះរត់ចេញពីម៉ូតូ លុះឃើញឱកាសល្អ ក្រុមជនសង្ស័យក៏យកម៉ូតូរបស់ជនរងគ្រោះ ជិះគេច ខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ ពិនិត្យជាក់ស្តែង រួចបានឱ្យជនរងគ្រោះទៅព្យាបាលរបួសសិន ចាំព្រឹកស្អែកចាំមកដាក់ពាក្យបណ្តឹង៕