ខេត្តកណ្តាល ៖ ផ្ទះ១ខ្នងរបស់បុរសពោះម៉ាយម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតអស់ទាំងស្រុង រួមនឹងម៉ូតូចំនួន២គ្រឿងទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ។
ផ្ទះដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះសង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្កសី មានទំហំ ទទឹង៥ម៉ែត្រ បណ្តោយទំហំ៩ម៉ែត្រ ឆេះខូចខាតអស់ទាំងស្រុង ជាកម្មសិទ្ធិរបស់ឈ្មោះមាស សុខុម ភេទប្រុស អាយុ៦៥ឆ្នាំ (ពោះម៉ាយ) មានលំនៅភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកសម្ភារដែលទទួលរងការខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ចំនួន២គ្រឿង រួមនឹងសម្ភារ ប្រើប្រាស់នៅក្នុងផ្ទះឆាបឆេះអស់ទាំងស្រុង។

បច្ចុប្បន្នអគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានចំនួន១គ្រឿង៕