គង់ សុជាតិ បានកែប្រែចិត្តស្វាមីជា វិបុល ឲ្យវិលមករកងប់ស្នេហ៍នាងជាថ្មី ដោយពួកគេផ្អែមល្ហែមស្នេហ៍មិនចាញ់គូស្នេហ៍យុវវ័យឡើយ។ ប៉ុន្ដែអ្វីដែលគួរឲ្យបារម្ភនោះ រហូតមកដល់ពេលនេះ សុជាតិ នៅតែពន្យារពេល ហើយស្ទាក់ស្ទើរក្នុងចិត្តរឿងពពោះកូនភ្លោះតាមបំណងស្វាមីក្មេងដដែល បើទោះជាលោកវិបុល រំអុកចង់បានកូនភ្លោះប្រុស មកប្រលែងលេងយ៉ាងណាក៏ដោយ។

សុជាតិ ធ្លាប់ប្រាប់លោកវិបុល ថា មិនមែននាងថា Ok ហើយបានកូនង៉ាភ្លាមនោះទេ គឺត្រូវតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់សិន ព្រោះពេលនេះ នាងមានអាយុជាង៤០ឆ្នាំទៅហើយ។

អ្នកគាំទ្រគង់ សុជាតិ បានសម្ដែងការព្រួយបារម្ភថា បើពិធិការិនីរូបនេះនៅតែព្រងើយកន្ដើយរឿងយកកូនភ្លោះ តាមសំណូមពរប្ដីទៀត ពួកគេខ្លាចតែលោកវិបុល អន់ចិត្តទៀតនោះ ច្បាស់ជាផ្ទុះរឿងធំទៀតហើយ ដែលពេលនោះអ្នកដែលប្រឈមចូលដេកពេទ្យសង្រ្គោះបន្ទាន់នោះ គឺអ្នកនាងសុជាតិ ។

ប៉ុន្តែអ្នកនាងគង់ សុជាតិ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ទោះជាអ្នកនាងមិនអាចយកកូនថែមទៀតតាមសំណើប្ដី ក៏លោកវិបុល មិនប្រកាន់ខឹងដែរ ព្រោះថាពេលនេះនាងមានកូនសរុប៣នាក់ (កូនប្ដីមុន២) ទៅហើយ។

អ្នកនាងគង់ សុជាតិ បានដឹកដៃលោកជា វិបុល រៀបការកាលពីថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលចំណងស្នេហាជាង៧ឆ្នាំនេះ បានកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ។

ការមិនទាន់សម្រេចចិត្តយកកូនភ្លោះនេះដែរ ស្របពេលដែលថី្មៗនេះ សុជាតិ បានរកប្រពន្ធឲ្យកូនប្រុសច្បងរបស់នាង ឈ្មោះម៉ៅ សាលភាពបុត្រ ដែលជាកូនជាមួយអតីតស្វាមីនាង លោកម៉ៅ សាលភាព តាមរយៈការចូលស្ដីដណ្ដឹង នាងឆន ពុទ្ធាវីន ដែលគ្រោងរៀបការឆាប់ៗនេះហើយ ខណៈដែលោកវិបុល វិញ បានដើរតួនាទីជាឪពុករបស់កូនដើមនាងដូចកូនបង្កើតរបស់លោកដែរ ទើបធ្វើឲ្យសុជាតិ កាន់តែកក់ក្ដៅថែមទៀត។

អ្នកនាងសុជាតិ បានឲ្យដឹងដែរថា ពេលនេះលោកវិបុល កាន់តែស្រលាញ់ប្រពន្ធកូន ហើយថ្នាក់ថ្នមលើសដើម៕
