Sunday, July 27, 2025
Homeតារាខ្មែរឌុច លីដា ព្រមបង្ហាញមុខស្វាមី...​ចំណែកមុខដូចកូនប្រុសណាស់

ឌុច លីដា ព្រមបង្ហាញមុខស្វាមី…​ចំណែកមុខដូចកូនប្រុសណាស់

ក្រោយមានការរិះគន់ជាច្រើនពីមជ្ឈដ្ឋានមហាជនថា ឌុច លីដា រៀបការបែបលួចលាក់ និងមិនហ៊ានបង្ហាញមុខប្ដីដូចគេនោះ ស្រាប់តែថ្មីៗនេះ លីដា ព្រមបណ្ដើរស្វាមីចំណាស់ទ្រព្យស្ដុកនោះ ទៅចូលរួមមង្គលការមិត្តភក្ដិជាចំហ ហើយតារាកូន១ រូបនេះ ថែមទាំងនាំបុរសដែលជាឪពុកកូនប្រុសរបស់នាងនោះ ទៅកៀកកើយគ្នានៅឆ្នេរសមុទ្រទៀតផង។

តាមរយៈការស្ម័គ្រចិត្តបញ្ចេញមុខប្ដីជាលើកដំបូងនេះ ឌុច លីដា ហាក់រីករាយ បើទោះជាមានគេនិយាយថា ស្វាមីរបស់នាងហាក់ចាស់បន្ដិចក្ដី ក៏នាងមិនខ្វល់ឡើយ ស្របពេលដែលមិត្តរួមអាជីពបានលាន់មាត់ថា ប្ដីលីដា មានត្រេមុខស្រដៀងទៅកូនប្រុសនាងតែម្ដង។

ឌុច លីដា បានរៀបការកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយបុរសវ័យចំណាស់ ដែលនាងបានអះអាងថា ជាមន្រ្ដីរាជការម្នាក់ តែមិនប្រាប់ពីតួនាទីប្ដីឲ្យពិតប្រាកដនោះ។

យ៉ាងណា មង្គលការរបស់លីដា នោះ ធ្វើឡើងយ៉ាងលាក់លៀមបំផុត ហើយរូបថតអាពាហ៍ពិពាហ៍របស់នាង មិនទាន់ត្រូវបែកធ្លាយឡើយ រយៈពេលជាង១ខែមកនេះ។

ចំណែកតារាជិតស្និទ្ធលីដា បំផុត គឺលោកណាខុន ដែលត្រូវគេដឹងថា លោកបានទៅចូលរួមមង្គលការរបស់នាងដែរនោះ ក៏មិនហ៊ាននិយាយពីរឿងរៀបការរបស់លីដា ដែរ ដោយលោកបែរជាថា មិនដឹងមង្គលការរបស់នាង ទៅវិញ។

ទោះជាយ៉ាងណា កន្លងមក លីដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ការរៀបការមិនមែនជារឿងចាំបាច់បំផុតសម្រាប់រូបនាងឡើយ។ នាងថា មនុស្ស២នាក់ ចាប់ដៃគ្នា សំខាន់ថា តើចុះសម្រុងគ្នាអាចបន្ដដំណើរជាមួយគ្នាទៅមុខបានដែរឬអត់ ទើបជារឿងត្រូវគិត។

តារាស្រអែមស្រស់រូបនេះ ថែមទាំងថា នាងមិនខឹងអ្នកដែលរិះគន់ថា នាងមានកូនមុនរៀបការនោះទេ ព្រោះថា អ្នកខ្លះរៀបការហើយ គ្មានកូនដូចរូបនាង ក៏មានដែរ។

ឌុច លីដា ដែលធ្លាប់តែលេចធ្លោក្នុងរឿងស្នេហាបែបស្រើបស្រាល ដោយនាងហ៊ានថតស្រាត ដោយមិនញញើតតាមរយៈរឿង ”ស្បែកគង់” និង ”នារីវេទមន្ដ” នោះ​ស្រាប់តែធ្លាយរឿងនាងសម្រាលកូនកាលពីដើមឆ្នាំ២០២០ ទាំងមិនដឹងថា នាងមានប្ដីតាំងពីពេលណាឡើយ ហើយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លីដា ថាពេលនេះកូនប្រុសរបស់នាង មានអាយុ១១ខែនិង៨ថ្ងៃហើយ។

ចំណែកនៅថ្ងៃដែលលីដា ទៅបង្ហាញខ្លួនចូលរួមអបអរព្រាប សុវត្ថិ ចូល Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នោះ នាងបានប្រាប់ថា ចង់ធ្វើពិធីខួបកំណើតឲ្យកូនប្រុសនាងគម្រប់១ឆ្នាំ នាពេលខាងមុខដែរ ប៉ុន្ដែដោយសារតែកូវីដ១៩ មិនទាន់ស្ងាត់ ហើយមិនចង់ជួបជុំទ្រង់ទ្រាយធំ ទើបនាងមិនហ៊ានកំណត់ច្បាស់លាស់ឡើយ។

ថ្វីត្បិតតែឌុច លីដា រងនូវការរិះគន់២លើកជាប់គ្នា ដោយពេលនាងសម្រាលកូនគេថា នាងមានកូនអត់ប្ដី ហើយពេលនាងរៀបការលាក់លៀមគេថា នាងលួចរៀបការស្ងាត់ៗក្ដី ប៉ុន្ដែតាំងពីភ្ជា​ប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ រហូតមានកូនប្រុសមួយនេះមក លីដា ហាក់ស្រាលខ្លួនរឿងត្រូវស្រីៗតាមសុំស្នេហា ពិសេសគឺថៅកែពេជ្រម្នាក់ នៅម្ដុំផ្សារធំថ្មី នោះ។

ផ្ទុយទៅវិញ ពេលនេះ លីដា ត្រូវបានគេជឿជាក់លើនាងថា មិនមែនជាតារាស្រលាញ់ភេទដូចគ្នានោះទេ ព្រោះថានាងជ្រើសស្វាមីរបស់នាងជា ”បុរស” មិនមែនជា ”ស្រី” ឡើយ។

មហាជនជឿថា ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំ និងជៀសផុតពីរឿងគេថា នាងរៀបការទាំងភ្នែកនៅកញ្ចឹងកនោះ លីដា ប្រាកដជានឹងរៀបការយ៉ាងអាធិកអាធម និងចំហ ដោយហៅមិត្តរួមអាជីពរាប់រយនាក់ឲ្យចូលរួមដូចគេជាមិនខាន នៅពេលដែលស្ងាត់កូវីដ-១៩ នាពេលខាងមុខនេះ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES