Sunday, July 27, 2025
Homeព័ត៌មានជាតិមិនទាន់បាន១ខែផង គាត់ទាមទារផ្តាច់កិច្ចសន្យា ហើយបើកកាណូតរត់

មិនទាន់បាន១ខែផង គាត់ទាមទារផ្តាច់កិច្ចសន្យា ហើយបើកកាណូតរត់

ភ្នំពេញ ៖ សាឡង់ដឹកខ្សាច់១គ្រឿង ត្រូវបានអ្នកជួលនិងម្ចាស់ប្រេងនាំគ្នា បើកកាណូតដេញចាប់បាននៅកំពុងដស្វាយជ្រុំ ក្នុងឃុំ ស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពីស៊ីឈ្មួលដឹកខ្សាច់មិនទាន់ចប់កិច្ចសន្យាផង ស្រាប់តែទាមទារផ្តាច់កិច្ចសន្យា និងបានចាក់ប្រេង ព្យាយាមបើកសាឡង់គេចខ្លួន។

បន្ទាប់ពីឃាត់បានសាឡង់ អ្នកជួលក៏បានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំស្វាយជ្រុំ ឱ្យជួយអន្តរាគមន៍ ទប់ស្តាប់មិនឱ្យម្ចាស់សាឡង់ លក់ដូរ បញ្ចាំឬហ៊ីប៉ូតែក ផ្ទេរសិទ្ធិធ្វើអំណោយ ធ្វើបណ្តាំមរកតជួលទៅឱ្យអ្នកដទៃទៀត ដើម្បីដោះស្រាយ សងបំណុលសិន ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ឡើង កាលពីវេលាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីម្ចាស់សាឡង់ព្យាយាមបើកគេចតាំង ពីស្ពានលេខ៧ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

សាឡង់ដែលបើកគេចមួយគ្រឿងខាងលើនោះ ពាក់ស្លាកលេខ PB6 8361 និងលេខ សំគាល់ AB45 ពណ៌ខៀវ ដែលមានម្ចាស់ឈ្មោះ ផាង សុវីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលនៅមន្ទីរប្រឆាំងគ្រឿងញៀន មានលំនៅផ្ទះលេខ៤៣២ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់ពីឃាត់បានសាឡង់មួយគ្រឿងខាងលើ គេឃើញមន្ត្រីនគរបាលនៅមន្ទីរប្រឆាំងគ្រឿងញៀន ដែលក្នុងនោះស្គាល់ម្នាក់ ឈ្មោះ ទេព សុវ៉ាន់ដារ៉ា បានទៅអន្តរាគមន៍ផងដែរ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា សាឡង់ខសាងលើនោះត្រូវបានឈ្មោះម៉ិញ ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជួលពីឈ្មោះផាង សុវីរៈ ដែលជាម្ចាស់ក្នុងតម្លៃ១៦០០០ដុល្លារ ក្នុង១ខែ ដោយកុងត្រារយៈពេល១ឆ្នាំ និងកក់មុនក្នុង១ខែ (ចំនួន១៦០០០ដុល្លារ)។ បន្ទាប់ពីដំណើរការដឹកខ្សាច់មិនទាន់បានមួយខែផង ស្រាប់តែម្ចាស់ផ្ញើសារមកបញ្ចប់កិច្ចសន្យា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីបញ្ចប់កិច្ចសន្យា ស្រាប់តែនៅវេលារសៀល អ្នកបើកបរសាឡង់ឈ្មោះគឹម ហឿន បានទៅចាក់ប្រេងចំនួន១២០០លីត្រ ហើយបើកគេចចេញតែម្តង។

តាមម្ចាស់ប្រេងឈ្មោះចាន់ ភារម្យ អាយុ៣៧ឆ្នាំ មានលំនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវបានឱ្យដឹងថា បន្ទាប់ពីបូមប្រេង ហើយគាត់ក៍បានឱ្យបូមចេញវិញ ព្រោះបញ្ចប់កិច្ចសន្យា ស្រាប់តែអ្នកបើកសាឡង់មិនបានបូមហើយ ក៏បានបើករត់គេចនៅវេលាម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានរូបគាត់ (ម្ចាស់ប្រេង) តាមទាន់ និងឃាត់នៅចំណុចកំពង់ដរស្វាយជ្រុំ ក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។

តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីឃាត់បានសាឡង់ ម្ចាស់ប្រេង និងអ្នកជួល ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វា។ ដោយឡែក ទន្ទឹមនោះក៏មានម្ចាស់បំណុលក៍បានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំស្វាយជ្រុំ ដើម្បីឱ្យអាជ្ញាធរ ជួយឃាត់ សាឡង់នោះទុកដោះស្រាយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់សាឡង់ មានជំពាក់ឈ្មោះប៉េង ឃាង ថ្លៃហ៊ូ និងខ្សាច់ចំនួន១៩៦០០ដុល្លារ។ ក្រៅពីនោះ នៅមានជំពាក់គេផ្សេងទៀតផងដែរ ។

តាមពាក្យបណ្តឹងរបស់លោកប៉េង ឃាង មានលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏បានប្តឹងស្នើសុំឱ្យអាជ្ញាធរ ឃុំស្វាយជ្រុំ ជួយទប់ស្កាត់ហាមឃាត់ឈ្មោះផាង សុវីរៈ មិនឱ្យធ្វើការលក់បញ្ចាំ ឬហ៊ីប៉ូតែក ផ្ញេរសិទ្ធិធ្វើអំណោយ ធ្វើបណ្តាំមរតកជួល ដាក់ធានាទៅអ្នកដ៍ទៃ ធ្វើអាជីវកម្មបំផ្លាស់ទីនូវចលនវត្ថុ (សាឡង់ដឹកខ្សាច់) ដែលមានពាក់ស្លាកលេខ PB6 8361 ពណ៌ខៀវ នៅកំពង់ដស្វាយជ្រុំជាបណ្តោះអាសន្ន។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគី ឈ្មោះផាង សុវីរៈ ជាម្ចាស់សាឡង់ខាងលើបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES