Sunday, July 27, 2025
Homeព័ត៌មានជាតិមេប៉េអឹមដឹងរឿងច្បាស់ ប្រើជំនាញលួងលោមឲ្យមកជួប រួចចាប់ខ្លួន

មេប៉េអឹមដឹងរឿងច្បាស់ ប្រើជំនាញលួងលោមឲ្យមកជួប រួចចាប់ខ្លួន

ភ្នំពេញ ៖ បុរសជាចាងហ្វាងកាសែតម្នាក់ ត្រូវបានទទួលរងការចោទប្រកាន់ថា បានប្រើឈ្មោះអ្នកសារព័ត៌មានដូចគ្នា ទៅស្នើសុំជំនួយពីថ្នាក់ដឹកនាំ ក្រុមហ៊ុន និងអាជីវករនានា ដោយយកលេសថា ក្រុមគ្រួសារ ប្រពន្ធកូន មានជំងឺធ្ងន់ ត្រូវការលុយកាក់ព្យាបាលច្រើន ទីបំផុតល្បិចឆបោកមួយនេះបានប្រើទៅលើលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការសង្ស័យ បើកការស្រាវជ្រាវ ទើបដឹងថាជាល្បិចឆបោក ក៏ឈានដល់ការចាប់ឃាត់ខ្លួនបក្ខពួកម្នាក់ ខណៈដែលជនដៃដល់ កំពុងរត់គេចខ្លួន។

យោងតាមប្រភពពីគណនីហ្វេសប៊ុកផ្លូវការ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថា “ឮ១០០ដង មិនស្មើនឹងបានឃើញម្តង! នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានលេខទូរស័ព្ទមួយ តាំងខ្លួនជាបុគ្គលិក ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បានផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានខ្លឹមសារ ថា “ខ្ញុំបាទ ប៉ែន នួន ខ្វះខាតផ្ទាល់ខ្លួន ប្រពន្ធរបស់ខ្ញុំ (ឆ្លងទន្លេ) ខ្វះខាតសុំឯកឧត្តម បានចំនួន (៤០ម៉ឺនរៀល) សូមឯកឧត្តមមេត្តាជួយខ្ញុំបាទផង សូមអរគុណ” ព្រមទាំងផ្ញើភ្ជាប់ជាមួយប័ណ្ណសារព័ត៌មាន ដែលមានឈ្មោះនិងរូបថត ប៉ែន នួន ផងដែរ។

ដោយមានការសង្ស័យ មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឆែកសួរទៅកាន់ប្រធានព័ត៌មាន ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បញ្ជាក់ថាសាម៉ីខ្លួនឈ្មោះប៉ែន នួន គឺជាអតីតសហការីឆ្លើយឆ្លងព័ត៌មានទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ពុំដឹងរឿងអ្វីទេ ឯអ្នកដែលយកប័ណ្ណព័ត៌មានដែលមានឈ្មោះ និងរូបថតរបស់ប៉ែន នួន ទៅដើរសុំលុយនោះ គឺជាជនក្លែងបន្លំប៉ុណ្ណោះ ព្រោះកន្លងមកក៏ធ្លាប់មានថ្នាក់ដឹកនាំអង្គភាពមួយ ធ្លាប់បានឆែកសួរមកម្តងដែរ ដោយមានគេបន្លំយកឈ្មោះប៉ែន នួន នេះ ទៅស្នើសុំលុយដូចគ្នា។

បន្ទាប់ពីបានទទួលព័ត៌មានរួចហើយ លោកមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ បានប្រើវិធានការជំនាញ អូសទាញជនក្លែងបន្លំ រូបនោះមកជួប ហើយក៏មានបុរសម្នាក់បានទៅដល់មែន ទើបកម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសនោះ ដើម្បីសួរនាំ។ បុរសនោះក៏បានឆ្លើបប្រាប់ថា រូបគាត់គ្រាន់តែមកជំនួសគេប៉ុណ្ណោះ រីឯអ្នកដែលប្រើគាត់មកមានឈ្មោះថា ជុំ សុភាព ជាចាងហ្វាងកាសែតរស្មីខ្មែរ បានឱ្យខ្លួនកាន់ទូរស័ព្ទមកជំនួស ដែលទូរស័ព្ទនោះគឺជាលេខទូរស័ព្ទដែលតាំងខ្លួនថាឈ្មោះប៉ែន នួន ពិតប្រាកដមែន។

នៅក្នុងទូរស័ព្ទនោះ ក៏មានសារទំនាក់ទំនងប្រើប័ណ្ណព័ត៌មានផ្សេងៗ ផ្ញើទៅស្ថាប័ន ក្រសួង មន្ទីរ អង្គភាព និងអាជីវករជាច្រើន ដើម្បីសុំប្រាក់ និងមានរូបភាពប័ណ្ណព័ត៌មានរបស់អ្នកព័ត៌មានជាច្រើនទៀត សង្ស័យត្រូវបានឈ្មោះជុំ សុភាព យកទៅប្រើប្រាស់ដូចគ្នា ដូចករណីប្រើប័ណ្ណរបស់ឈ្មោះប៉ែន នួន ផ្ញើទៅកាន់មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមទាន់ជាន់កែង វែកមុខដឹងថាជាជនក្លែងបន្លំយកឈ្មោះអ្នកដ៏ទៃដើរសុំលុយផ្តេសផ្តាស់ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់សាម៉ីខ្លួនដែលមិនដឹងអី ក៏ដូចជាប៉ះពាល់ដល់អ្នកសារព័ត៌មាន មានវិជ្ជាជីវៈដទៃទៀតផងដែរ។

បច្ចុប្បន្ន ឈ្មោះជុំ សុភាព បានគេចខ្លួនបាត់ទៅហើយ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក…”៕

RELATED ARTICLES