បាត់ដំបង ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗក៏ចេញបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោតាមស្វែងរកសព្វកន្លែង ប៉ុន្តែតម្រុយអ្វីសោះ មិនដឹងជាទៅដល់ទីណា ជាហេតុធ្វើឱ្យឪពុកម្តាយព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏ប្រកាសដង្ហោយហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះរ៉េត រស្មី អាយុ១៧ឆ្នាំ សក់ត្រឹមក សម្បុរស មានលំនៅក្នុងភូមិស្វាយ៣ដើម ស្រុកបាណន់។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា យុវតីរូបនេះបានបាត់ខ្លួនអស់រយៈពេល៥ថ្ងៃមកហើយ ដោយមិនដឹងថាទៅដល់ទីណា សុខទុក្ខយ៉ាងណានោះទេ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ យុវតីរូបនេះបានចេញពីផ្ទះបាត់ដោយមិនបានប្រាប់អ្នកណាម្នាក់ ថានាងចេញទៅណានោះទេ រួចក៏បាត់សូន្យឈឹងមិនឃើញវិលត្រឡប់មកវិញសោះ។
ប្រភពដដែលបន្តថា ក្រោយពីដឹងថា យុវតីខាងលើបាត់ខ្លួនភ្លាមៗ ក្រុមុគ្រួសារក៏ព្យាយាមទូរស័ព្ទទៅរកយុវតីរូបនេះដែរ តែទាក់ទងមិន បានសោះ ហើយទោះជាក្រុមគ្រួសារចែកផ្លូវគ្នាចេញតាមរកយ៉ាងណា ក៏មិនមានតម្រុយសោះ ជាហេតុធ្វើឱ្យឪពុកម្តាយ មានការព្រួយបារម្ភយ៉ាង ខ្លាំង ដោយសារនៅពេលចេញបាត់ពីផ្ទះនោះ យុវតីរូបនេះ មានពាក់គ្រឿងអលង្ការជាប់ខ្លួនជាច្រើន។

ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុង រូបថតខាងលើ សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈទូរស័ព្ទរបស់វិទ្យុអេប៊ីស៊ី លេខ ០១០, ០១២ និង០៦០ ២៣ ១០ ១០ ដោយក្តីអនុគ្រោះ៕