Sunday, July 27, 2025
Homeព័ត៌មានជាតិដាក់ឱសានវាទ២ថ្ងៃ ភាគីថៃ មិនព្រមធ្វើ ទើបថ្ងៃនេះមករុះរើចេញ

ដាក់ឱសានវាទ២ថ្ងៃ ភាគីថៃ មិនព្រមធ្វើ ទើបថ្ងៃនេះមករុះរើចេញ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ខៃ ខែត្រ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកបឹងត្រកួន រួមជាមួយកម្លាំងចំរុះ បានចុះត្រួតពិនិត្យមើលភាគីថៃ ចុះរុះរើស្លាកសញ្ញាដោះមីននៅចន្លោះបង្គោលសីមា២៧-២៨ ក្នុងភូមិសាស្ត្រភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់ជាមួយភូមិសាស្ត្រភូមិ២ ឃុំណងវែង ស្រុកឡាក់ហាន់សាយ ខេត្តបូរីរ៉ាំ។

ការចុះត្រួតពិនិត្យថៃរុះរើផ្លាកសញ្ញាមីនពេលនេះ ធ្វើទៅតាមសំណើរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ដែលបានស្នើឱ្យភាគីថៃ ចុះរើស្លាកសញ្ញាមីនដែលពួកគេបានដោះរួចចូលមកលើខ្សែបន្ទាត់ព្រំដែន១៨៩ម៉ែត្រ។

មន្ត្រីយោធាជាន់ខ្ពស់យោធភូមិភាគទី៥ បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ថា “តាមសំណើរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន ទើបថ្ងៃនេះ ភាគីថៃ បានជួបជាមួយភាគីកម្ពុជា ហើយយល់ព្រមធ្វើការរុះរើផ្លាកសញ្ញាមីនចំពោះមុខភាគីកម្ពុជាភ្លាមៗ។ បន្តមក ថៃក៏បានស្នើសុំឱ្យភាគីទាំងសងខាង កំណត់ពេលវេលាជួបជុំគ្នាដើម្បីពិភាក្សាការងារផ្សេងអំពីសន្តិសុខព្រំដែន ក្នុងរយៈពេល១ខែម្តង”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានរុះរើផ្លាកសញ្ញាមីនដែលថៃ បោះចូលលើខ្សែបន្ទាត់ព្រំដែនក្នុងចន្លោះបង្គោល៣២-៣៣ រួចម្តងមកហើយ ក្រោយពីភាគីកម្ពុជា ស្នើសុំទៅភាគីថៃ ហើយភាគីថៃ មិនបានឆ្លើយតបនឹងចូលមករុះរើ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើការអរគុណដល់កម្លាំងថៃ ដែលបានគោរពកិច្ចសន្យារបស់ខ្លួនខាងលើនេះ។

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់ឱសានវាទទៅភាគីទាហានថៃ នៅក្នុងកិច្ចប្រជុំមួយ ដោយឱ្យភាគីថៃរុះរើរាល់ស្លាកសញ្ញាមីន និងខ្សែក្រហមដោះមីន ចេញពីតំបន់ចន្លោះបង្គោលសីម៉ាលេខ៣២ និងលេខ៣៣។

ឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់ឱ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឱ្យរុះរើស្លាកសញ្ញាមីនចេញឱ្យអស់ ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងឈរជើងនៅទីនោះនឹងធ្វើការរុះរើដោយខ្លួនឯង ហើយរាល់សកម្មភាពផ្សេងៗតាមបណ្តោយព្រំដែន សូមភាគីថៃ ជូនដំណឹងគ្នាទៅវិញទៅមក ប៉ុន្តែក្រោយការស្នើសុំនោះ និងដល់ថ្ងៃកំណត់ក៏ថៃ មិនទាន់បានរុះរើស្លាកសញ្ញាដោះមីនចេញផងដែរទេ ទើបតែថ្ងៃនេះ ទាហានថៃ បានសម្រេចរុះរើតែម្តង៕

RELATED ARTICLES