ភ្នំពេញ ៖ ក្រោយផ្ទុះរឿងរ៉ាវលែងលះរបស់ឧកញ៉ា ឌួង ឆាយ និងភរិយា ធ្វើឲ្យមហាជនសម្តែងការសោកស្តាយ ជាពិសេសបន្ទាប់ពីលោកស្រី ដេត ម៉ាលីណា អតីតភរិយាឧកញ៉ាឌួង ឆាយ បានចេញមុខបកស្រាយបញ្ជាក់ថា រវាងលោកស្រីនិងស្វាមី ដូចកែវដែលប្រះស្រាំ ១៣ឆ្នាំ ហើយពេលនេះបានបែកខ្ទេច មិនអាចផ្សារភ្ជាប់វិញបានដាច់ខាតនោះ ស្រាប់តែនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានគ្រូហុងស៊ុយល្បីឈ្មោះម្នាក់ ដែលមានរហស្សនាម “ចៅម៉ែ” បានធ្វើការទស្សន៍ទាយវាសនាជីវិតគូស្វាមីភរិយារបស់ឧកញ៉ាឌួង ឆាយ និងភរិយាថា អ្នកទាំងពីរ គឺជាគូព្រេងមិនព្រាត់ ជាពិសេសគឺជាគូបុណ្យ ដែលមិនអាចបែកគ្នាជាដាច់ខាត ទោះបីជាលែងលះគ្នា ១០ឆ្នាំ ក៏គង់តែវិលមកជួបគ្នាវិញដដែល ដោយសារកូនស្រីជាដួងកែវជីវិតគូរបស់គូស្វាមីភរិយាមួយគូនេះ។

ស្ត្រីជាគ្រូហុង ស៊ុយ រហស្សនាម “ចៅម៉ែ” បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live Video) តាមបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ទស្សន៍ទាយពីវាសនាគូជីវិតឧកញ៉ាឌួង ឆាយ និងលោកស្រីដេត ម៉ាលីណា ថា “ខ្ញុំហ៊ានទាយឱ្យប្តីប្រពន្ធឧកញ៉ា ឌួង ឆាយ ព្រោះខ្ញុំ កាលខ្ញុំនៅស្រុកខ្មែរ យើងធ្លាប់បានជួបគ្នាម្តង តែយើងក៏មិនបាននិយាយគ្នាដែរ ព្រោះអីប្តីខ្ញុំនាំខ្ញុំទៅញ៉ាំ បាយ នៅអូតែលហូលីដេ នៅកំពង់សោម ខ្ញុំក៏ជួបប្តីប្រពន្ធ ២នាក់គាត់ ខ្ញុំក៏ឃើញទឹកមុខគាត់ និយាយរួម ខ្ញុំឃើញ ខ្ញុំហ៊ានទាយឱ្យគាត់ ក្នុងនាមជាមិត្តម្នាក់ កុំនិយាយថា ខ្ញុំទាយឱ្យគាត់ តោងយកល្បី កុំនិយាយ ខ្មាសគេ ខ្ញុំល្បីស្រាប់ហើយ តែក្នុងនាមជាមិត្ត ហើយបើខ្ញុំអត់ឃើញមុខគាត់ ខ្ញុំអត់ហ៊ានទាយគាត់ទេ កាលហ្នឹង ខ្ញុំទៅអង្គុយ ប្តីខ្ញុំហែលទឹក កូនខ្ញុំហែលទឹក កូនគាត់និងគាត់ ហែលទឹកដូចគ្នា។
កាលហ្នឹង ខ្ញុំទៅអូតែលហូលីដេ នៅប្រទេសខ្មែរ ខេត្តកំពង់សោម ហូលីដេ ផាលេស មានកាស៊ីណូ មានអូតែល កាលហ្នឹងខ្ញុំទៅញ៉ាំបាយ កាលហ្នឹង ប្តីខ្ញុំក៏គាត់ទៅលេងកាស៊ីណូ នៅហ្នឹងដែរ ហើយពួកយើងក៏ជួបគ្នាដោយចៃដន្យ តែជួបគ្នាធម្មតា គ្រាន់តែញញឹមដាក់គ្នាទេ ខ្ញុំមិបានទៅស្គាល់ស្និទ្ធស្នាលអីទេ តែខ្ញុំស្គាល់ថាគាត់ គឺឧកញ៉ា ឌួង ឆាយ ព្រោះអីអ្នកណាមិនល្បីគាត់ ត្រូវអត់? ស្គាល់ហើយណា ហើយ អ្នកទាំងអស់គ្នា គាត់នៅក្រៅ ខ្ញុំប្រាប់អ្នកទាំងអស់គ្នាណា គឺគាត់អត់ដែលស្គាល់យើងទេ តែគាត់រាក់ទាក់ អ្នកទាំងអស់គ្នាយល់អត់? ខ្ញុំសរសើរគាត់ហ្មង ទាំង២នាក់ប្តីប្រពន្ធ ហើយប្រពន្ធហ្នឹងណានៅក្នុងហ្នឹង គាត់នៅក្នុងទូរស័ព្ទ នៅក្នុងកាមេរ៉ា ឃើញគាត់ស្អាតអ៊ីចឹងណា នៅខាងក្រៅ ស្អាតជាងទៀត នៅខាងក្រៅ គឺលោកជំទាវហ្នឹង គឺគាត់ស្អាតណាស់ សាច់ឡើងស្រមោចវាធ្លាក់ ស្អាតណាស់ ហើយទាំង២នាក់ប្តីប្រពន្ធ មានគុណធម៌ទាំង២នាក់។

អ៊ីចឹងខ្ញុំសូមប្រាប់មិត្តទាំងអស់គ្នាឱ្យច្បាស់ មិនចាំបាច់បារម្ភលើគូជីវិតអ្នកទាំងពីរទេ អ្នកទាំងពីរគេហៅថា នាងរត់រកអ្នក ខាតលក្ខណ៍រត់រក កំបាក់ទន្សា អ្នកទាំងពីរ ទេវតាចារមកហើយថា គាត់ទាំង២នាក់ ឌួង ឆាយ ក៏មិនអាចខ្វះលោកជំទាវ ម៉ាលីណា អ៊ីចឹងគាត់មិនអាចខ្វះគ្នា បើសិនតែគាត់ហ្នឹងអត់មានកូនស្រី មរកតហ្នឹងមកទេ រាជិនីគជ់ គាត់មកទេ គាត់បែកគ្នា តែគាប់ជួនព្រហ្មលិខិត យល់ថាព្រហ្មលិខិតអត់? អ៊ីចឹងអ្នកទាំងអស់គ្នា មិនបាច់ឈឺក្បាលរឿងរបស់គាត់ទេ គាត់អត់បែកគ្នាទេ។ ធម្មតាប្តីប្រពន្ធ តែងឈ្លោះគ្នា ១ម៉ាត់២ម៉ាត់ហើយ តែបើរឿងបែកគ្នា ខ្ញុំហ៊ានធានា គាត់អត់បែកគ្នាទេ»។
គ្រូទាយដដែល បន្តថា «អានេះមិនមែនចេះដឹងរឿងគេ តែក្នុងនាមជាមិត្ត ព្រោះអីគឺពេលដែលខ្ញុំជួបគាត់ណា គាត់រាក់ទាក់ណាស់ គាត់ញញឹមដាក់ប្តីខ្ញុំ គាត់ជាមនុស្សល្អណាស់ ឌួង ឆាយ ។ ខ្ញុំនិយាយមែន គាត់ជាមនុស្សម្នាក់ដែលមានគុណធម៌ សម្រាប់ខ្ញុំ ខ្ញុំជាគ្រូហុងស៊ុយ ខ្ញុំមើលង៉ូវហេងគាត់ ធម្មតាជួបមុខគ្នា អង្គុយស៊ីបាយតុជិតគ្នា មិនឃើញគ្នា? ទាំងប្រពន្ធ អង្គុយស៊ីបាយជាមួយអ្នកបម្រើទៀត អ្នកទាំងអស់គ្នាទៅរកទៅ គេឧកញ៉ាណា ត្រកូលគាត់អភិជន តែគេអត់មានវាយឫកជាមួយអ្នកបម្រើទេណា អ្នកបម្រើមើលកូន ទៅទាំងអស់គ្នា ខ្ញុំឃើញគឺចរិតគេល្អ ទេវតាការពារ គេ ២នាក់ប្តីប្រពន្ធ មួយជីវិតនេះ គេមិនអាចទៅក្រ វេទនាទេ ព្រោះអី?

ព្រោះទាំងប្តីទាំងប្រពន្ធ ទាំងនាង និងអ្នក រត់រកគ្នា បើឌួង ឆាយ លែងគ្នា អត់មានស្រីណាទៅគូជាមួយគាត់ទេ មានតែលោកជំទាវហ្នឹងទេ ដែលគាត់គូជាមួយឌួង ឆាយ គឺគូព្រេងគេតាំងពីអតីតជាតិ ទាំង២នាក់ប្តីប្រពន្ធ ធ្វើល្អទាំង២នាក់ប្តីប្រពន្ធ គ្រាន់តែអាណាវះកាត់អីបន្តិច ទាំង២នាក់ប្តីប្រពន្ធ ប្រុច! ទៅជួយគេបាត់។ ខ្ញុំនិយាយអ៊ីចឹង ព្រោះអីខ្ញុំឃើញ ហើយ ២នាក់ហ្នឹង អត់អាចបែកគ្នាទេ បើអត់រាជិនីគជ់ គឺបែកគ្នា តែរាជិនីគជ់ របស់គាត់ ខ្ញុំទាយឱ្យគាត់ តាំងពីប្រពន្ធគាត់ទម្ងន់ ខ្ញុំទាយឱ្យគាត់ ពេលដែលគាត់ឡាយវីដេអូ ខ្ញុំក៏ចូលទៅ គាត់ថា កូនគាត់ ស្រីឬប្រុស? គាត់ឡាយ ខ្ញុំថា កូនគាត់ ស្រី ខ្ញុំឆ្លើយទៅអ៊ីចឹង! កូនហ្នឹងកើតមកស្រី កើតមកដើម្បីចងចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរហ្នឹង ព្រហ្មលិខិត អ្នកទាំងអស់គ្នាយល់អត់? អ្នកទាំងអស់គ្នាដែលឃើញប្តីប្រពន្ធណាត្រឹមត្រូវដូច ២នាក់ហ្នឹងអត់?
ថ្ងៃហ្នឹង មិនចង់ចេះដឹងរឿងគេទេ តែជាមិត្ត ព្រោះគាត់ល្អ ខ្ញុំពេញចិត្ត គាត់ជាមនុស្សល្អ អត់ចេះវាយឫកទេ ពេលជួប ញញឹម សើច អត់ដែលស្គាល់យើង តែគាត់ញញឹម សើចដាក់យើង គឺចងចាំស្នាមញញឹមមួយហ្នឹង ព្រោះខ្ញុំជាខ្មែរដូចគាត់ដែរ ខ្ញុំក៏ទៅជួបគ្នានៅអូតែលហ្នឹង គេមានញ៉ាំបាយ គេមានលេងល្បែងកាស៊ីណូ ប្តីខ្ញុំម្តងម្កាលគាត់ទៅ អីចឹងខ្ញុំក៏ទៅដែរ កន្លែងហ្នឹង គឺអ្នកមានៗគេទៅ ជាប់មាត់សមុទ្រ ស្អាតណាស់ទេសភាព។

អ៊ីចឹងខ្ញុំគ្រាន់តែប្រាប់មិត្តទាំងអស់គ្នាទេ យើងមើលង៉ូវហេង បើង៉ូវហេងប្រពន្ធគាត់ ល្អណាស់ ដៃជើង គ្មានអាក្រក់ដូចចៅម៉ែ ទេ ព្រោះអីគេកើតមកក្នុងត្រកូលអភិជន ដៃជើងគេស្អាតរលូន និយាយពីជើងវិញស្អាត ម្រាមជើង ខ្ញុំមើលឃើញទាំងអស់ ថ្ងៃហ្នឹង ព្រោះអីនៅជិតគ្នា អ៊ីចឹងបានខ្ញុំសុំនិយាយថា ខ្ញុំត្រេកអរ ហើយមោទនាភាព ដែលមានមនុស្សបែបហ្នឹងនៅលើទឹកដីខ្មែរយើង គាត់ និយាយរួម ដូចទេវតាមកកើត អត់អាចបែកគ្នាទេ ហើយឌួង ឆាយ ស្រលាញ់ប្រពន្ធ ស្រលាញ់កូន លើសជីវិត ស្មើកែវភ្នែក ដួងចិត្ត ចាំសួរគាត់ទៅ គាត់ស្រលាញ់អត់?
គាត់អត់អាចបែកទេ បើគាត់បែកជាមួយកូន ជាមួយប្រពន្ធគាត់ ឱ្យគាត់ស្លាប់ល្អជាង គាត់ជាមនុស្សប្រុសម្នាក់ ដែលបរិសុទ្ធចិត្ត បរិសុទ្ធកាយ ជាមួយប្រពន្ធកូន ហើយគាត់ស៊ូមកជាមួយគ្នាច្រើនណាស់ ខ្ញុំហ៊ាននិយាយអ៊ីចឹង ចាំមើលទៅ គាត់ថា គាត់លែងគ្នា ខ្ញុំឃើញមួយរយៈហ្នឹង ខ្ញុំឃើញតែល្បីរឿងគាត់លែងគ្នាហ្នឹង តាមពិត គាត់អត់លែងទេ មុននិងក្រោយ គាត់គង់តែជួបគ្នាទេ គូព្រេងគាត់ហើយ គាត់អត់អាចព្រាត់ប្រាសទៅណាទេ ហើយបេះដូងគាត់ កូនមរកតរបស់គាត់ រាជិនីគជ់ របស់គាត់ កើតមក ជាបណ្តូលបេះដូង ខ្លឹមបេះដូងរបស់ទាំង២នាក់ហ្នឹងហើយ។

អ្នកទាំងអស់គ្នាចាំទុក បើគាត់អត់កូនស្រីហ្នឹង គាត់បែកគ្នា តែព្រហ្មលិខិត គាត់អត់អាចបែកគ្នា ព្រោះគាត់មានរាជិនីគជ់គាត់ចូលមកដល់បាត់ទៅហើយ ស្មើនឹងដួងកែវជីវិតគាត់ទាំង២នាក់ គាត់បែកទៅណា? ខ្ញុំហ៊ាននិយាយអ៊ីចឹង បើឌួង ឆាយ គាត់ ២នាក់ហ្នឹងបែកគ្នា អ្នកទាំងអស់គ្នាបញ្ចោរខ្ញុំទៅ បញ្ចោរខ្ញុំចុះ! តែខ្ញុំហ៊ាននិយាយអ៊ីចឹង ព្រោះគ្មានស្រីណា គ្មានប្រុសណា ទៅគូជាមួយគាត់បានទេ ២នាក់គាត់ បុណ្យស្មើគ្នា គាត់យកគ្នាបាន គាត់គូវាសនានឹងគ្នា អាហ្នឹងគេមើលអ៊ីចឹង គេមើលទាំងង៉ូវហេង មើលទាំងអស់ គេមានគុណធម៌ទាំងប្តីទាំង ប្រពន្ធនិយាយអត់ចង់ហើបមាត់ ប្រពន្ធសុភាពរាបសាត្រឹមត្រូវណាស់ ជាមនុស្សល្អ ជាកុលស្ត្រី គេអ្នកមានហើយ កុលស្ត្រីទៀត ទៅរកបានអត់? មិនងាយទេណា កាន់សច្ចៈវាចា មិនងាយទេ អ្នកទាំង២ហ្នឹង គឺគេជាមនុស្សល្អ អ៊ីចឹងគេមិនអាចទៅព្រាត់ប្រាសគ្នាទេណាទេ ខ្ញុំសូមនិយាយអ៊ីចឹង»។
គ្រូហុងស៊ុ ចៅម៉ែ បន្តថា «ធម្មតាហ្វេនផេកគាត់ ស្រលាញ់គាត់ មិនចង់ឱ្យគាត់បែកគ្នា គាត់មិនបែកគ្នាស្រាប់ទៅហើយ។ ធម្មតារឿងផ្ទៃក្នុងគាត់ ខ្ញុំមិនដឹងទេ ប៉ុន្តែបើរឿងបែកគ្នា មិនអាច សុំនិយាយអ៊ីចឹងថា ចៅម៉ែទាយឱ្យ អ្នកទាំងអស់គ្នាអស់បារម្ភ ហ្វេនផេកទាំងអស់គ្នា មិនចាំបាច់បារម្ភទេ គាត់នឹងមានសេចក្តីសុខ បន្តិចទៀត បុណ្យមកដល់ បន្តិចទៀត ២នាក់ប្តីប្រពន្ធគាត់ ចាស់បន្តិចទៀត កាន់តែមាន មានខ្លាំង ព្រោះអីដោយសារបុណ្យដែលគាត់សាង ហើយនៅក្រៅ ញញឹមរហូត អត់មានចេះវាយឫកដាក់អ្នកណាអ្នកណីទេ គឺគេគុណធម៌ គូបុណ្យ គេហៅគូបុណ្យ អ្នកខ្លះគូកម្ម អានេះគូបុណ្យ ដូចខ្ញុំនិងប្តីខ្ញុំអ៊ីចឹង គូបុណ្យ សាងបុណ្យជាមួយគ្នា ទើបបានជួបគ្នា គូកម្ម វ៉ៃដំគ្នាព្រឹក-ល្ងាច ជេរបញ្ចោរគ្នារាល់ថ្ងៃ មិនព្រាត់គ្នាទេ អាហ្នឹងគូកម្ម គូបុណ្យ គេសាងបុណ្យ សាងកុសលរួមគ្នា លោកប្តីទៅធ្វើបុណ្យលោកប្តី ទៅធ្វើបុណ្យជាមួយគ្នា ទៅសាងកុសលជាមួយគ្នា ឃើញអត់? ឃើញ២នាក់ហ្នឹងអត់ គេសាងបុណ្យ សាងកុសលអត់?

ហើយមិនបាច់បារម្ភទេ ក្នុងនាមយើងជាមិត្តម្នាក់ដែលស្រលាញ់គាត់ ក្នុងនាមចៅម៉ែ ជាមិត្តម្នាក់ ដែលស្រលាញ់អ្នកទាំង២ ដូចអ្នក ទាំងអស់គ្នាអ៊ីចឹង ព្រោះគាត់ជាមនុស្សល្អ ស័ក្តិសមនឹងបានក្តីស្រលាញ់យ៉ាងពិតប្រាកដ ប្រជាជនខ្មែរ មួយណាដែលមិនស្រលាញ់ឌួង ឆាយ? អ៊ីចឹងគាត់ទាំង២នាក់ហ្នឹង ជាគូបុណ្យជាមួយគ្នាហើយ គាត់មិនអាចបែកគ្នា គ្មានស្រីណាមកអាចជំនួសកន្លែងរបស់លោកជំទាវបានទេ យល់អត់? ដូចរឿងខ្ញុំ និងប្តីខ្ញុំអ៊ីចឹង ស្រីគរគោក ហេតុអីមិនរើស មករើសយកខ្ញុំ?
អាហ្នឹងគូបុណ្យជាមួយគ្នា គូកម្មជាមួយគ្នា អាហ្នឹងគេចារមក ហើយរាជិនីគជ់ ហ្នឹងមួយទៀត កូនស្រីសំណព្វបេះដូង ហឫទ័យ កើតមកមានតែអ្នកស្រលាញ់ មានតែអ្នកចូលចិត្ត មានតែអ្នកមើលថែ គឺកូនគេមានបុណ្យ ទម្រាំតែគេកើតមក ម៉ែឪស្រលាញ់ថ្នាក់ថ្នមលើសកែវ គឺកូនគេមានបុណ្យណាស់ អ៊ីចឹងបានគេឱ្យយើងខំសាងបុណ្យ ខំសាងកុសល ចាប់កំណើតទៀត ងាប់ទៅពឹប ចាប់កំណើតម្តងទៀត ក្លាយជាកូនសេដ្ឋី ក្លាយជាកូនស្តេច អ៊ីចឹងទេ បុណ្យយើងវាច្រើន អ្នកដែលចង់បានបុណ្យច្រើន ធ្វើបុណ្យបញ្ចុះសីមា តែយើងត្រូវតែ កាត់ខ្សែសីមា បញ្ចុះថ្មនិមិត្ត ដែលមានតែសែស្រឡាយស្តេច សែស្រឡាយរាជវង្ស មានតែសែស្រឡាយសេដ្ឋី មានបានរុងរឿងទេ ទើបគេធ្វើបាន មួយជីវិតមនុស្ស ឱ្យបានធ្វើបុណ្យសាងព្រះអង្គ ឱ្យបានធ្វើបុណ្យបញ្ចុះសីមា អ្នកហ្នឹងនឹងរួចទោសកម្មពារទាំងឡាយទាំងពួង អ្នកហ្នឹងមានបុណ្យច្រើនពេក ទៅគ្របដណ្តប់អាកម្មពៀរហ្នឹងអស់រលីង ចាប់ជាតិណាៗ ក្លាយជាកូនស្តេច កូនសេដ្ឋី អ្នកទាំងអស់គ្នាដឹងទេ?
រាជិនីគជ់ ហ្នឹង ជាតិមុន គេធ្វើបុណ្យថ្នាក់ណា បានគេមកកើតក្នុងត្រកូលអ្នកមាន កើតមកភ្លាម ឃើញផែនដី ម៉ែឪស្រលាញ់ថ្នាក់ថ្នមលើសជីវិត? អ៊ីចឹងឱ្យម៉ែឪគេព្រាត់ប្រាសគ្នា មិនអាចទេ គ្រាន់តែបុណ្យរាជិនីគជ់គាត់គ្របអ្នកទាំង២ ក៏ជិតដែរ ខ្ញុំហ៊ាននិយាយអ៊ីចឹង អ្នកទាំង២ មិនអាចព្រាត់ប្រាសទៅណាទេ ត្រូវរស់រួមគ្នា ដើម្បីចិញ្ចឹមរាជិនីគជ់ ឱ្យមានអនាគតដ៏រុងរឿង ព្រោះអី រាជិនីគជ់ ហ្នឹង គេមានបុណ្យខ្លាំងណាស់! មនុស្សរើសការកើតអត់បានទេ ដោយសារអី?
បុណ្យយើងតិច កើតមកពិការដៃពិការជើងអ៊ីចឹងទៅ បុណ្យយើងច្រើន យើងចាប់កំណើត បានផ្ទះធំទ្រនំខ្ពស់ ម៉ែឪចិញ្ចឹមយើងថែយើងបានល្អ ម៉ែឪអ្នកមាន មានអ្នកបម្រើឆ្វេងស្តាំ ចិញ្ចឹមបានល្អហើយកូនគេមានបុណ្យ ទើបគេមកកើត អ្នកទាំងអស់គ្នាឃើញអ្នកក្រ កូនច្រើនអត់? ងាកៗមកចាប់ជាតិ ភ្លេចខ្លួន ប្រុចមកកើតភ្លាម ព្រោះអី? អ្នកអត់បុណ្យ វាច្រើនពេក អ្នកខ្លះកើតមកចាំជាតិ ហើយកុំនិយាយថា អត់មានជាតិក្រោយ មានណា! នរក ឋានសួគ៌ មានទាំងអស់ តែគ្រាន់តែយើងដើរទៅមិនដល់ប៉ុណ្ណោះ»។

អ្នកគ្រូ ចៅម៉ែ បន្តថា «ខ្ញុំមិនឈឺឆ្អាលរឿងគេទេ តែនេះជាមនុស្សល្អ ខ្ញុំហ៊ាននិយាយអ៊ីចឹង មនុស្សអាក្រក់ ខ្ញុំថាអាក្រក់ តែនេះខ្ញុំឃើញមិត្តរួមពិភពលោកម្នាក់នេះ គឺគាត់ជាមនុស្សល្អ គឺអ្នកទាំង២ មិនអាចព្រាត់ប្រាសគ្នាទៅណាទេ ទោះព្រាត់ ១០ឆ្នាំ ២០ឆ្នាំ គាត់ជុំគ្នាត្រឡប់មកវិញ ខ្ញុំហ៊ាននិយាយអ៊ីចឹង តែអត់ព្រាត់ គូព្រេងនឹងគ្នា គូព្រេងមិនព្រាត់ រត់ ១០ជុំ ក៏នៅតែជួបគ្នា អ្វីដែលរបស់យើងវិល ១០០ជុំ ក៏នៅតែរបស់យើងដែរ ចាំទុក ដល់ពេលរបស់យើង ដូចប្តីខ្ញុំ ទៅដល់ស្រុកខ្មែរ ២០ឆ្នាំ ទៅដល់ស្រុកខ្មែរ ខ្ញុំមិនទាន់កើតផង ប្តីជាន់ទឹកដីខ្មែរ ខ្ញុំអត់ទាន់កើតទេ ឃើញអត់? គូព្រេង វិល ១០០ជុំ នៅតែជារបស់យើង បើមិនអ៊ីចឹង តាហ្នឹងទៅយកអ្នកណាគ្រប់គ្នាអស់ហើយ ទៅចិញ្ចឹមគេមួយគរគោក ហេតុអីមិនយកគេធ្វើប្រពន្ធ មកយកអីខ្ញុំ?
ឃើញទេ ហើយអាសូរស្អាត កន្តឿហ្នឹង អាសូរតែស្បែកស្អាតដូចប្រពន្ធឌួង ឆាយ ទៅ ប្រពន្ធឌួង ឆាយ ស្បែកឡើងសស្អាត ស្រមោចវារធ្លាក់ មុខឡើងរលោង មុខឡើងស្អាត និយាយរួម ស្អាតខ្លាំងណាស់ ទាំង២នាក់ប្តីប្រពន្ធ ស្បែកសទាំង២នាក់ កូនកាត់ចិន ស្អាត មិនដូចចៅម៉ែ ខ្មៅទេ…”។
ជុំវិញការទស្សន៍ទាយរបស់គ្រួហុងស៊ុយ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់ពីឧកញ៉ាឌួង ឆាយ និងលោកស្រី ដេត ម៉ាលីណា បានទេ កាលពីម្សិលមិញ។
ប៉ុន្តែ ទោះជាយ៉ាងណា លោកស្រី ដេត ម៉ាលីណា អតីតភរិយាឧកញ៉ាឌួង ឆាយ បន្ទាប់ពីបានប្រកាសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ថា លោកស្រី និងឧកញ៉ាដួង ឆាយ បានព្រមព្រៀងលែងលះគ្នាដោយសន្តិវិធីរួចមក លោកស្រីបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រវាងលោកស្រី និងឧកញ៉ាឌួង ឆាយ មិនអាចផ្សះផ្សាជានា វិលទៅរួមរស់ជាមួយគ្នាជាប្តីប្រពន្ធវិញជាដាច់ខាត ដោយលោកស្រីបានប្រៀបធៀបជីវិតគូរបស់លោកស្រីនិងឧកញ៉ាឌួង ឆាយ ទៅនឹងកែវដែលប្រះស្រាំ ១៣ឆ្នាំ ហើយពេលនេះបានបែកខ្ទេច មិនអាចផ្សារភ្ជាប់វិញបានដាច់ខាត ព្រោះលោកស្រីទ្រាំរស់ឱបទុក្ខ ក្នុងគំនាបផ្លូវចិត្ត ជាង១៣ឆ្នាំមកហើយ មុននឹងសម្រេចលែងលះស្វាមី។
បើទោះបីជាមានការអះអាងពីអតីតភរិយាបែបនេះក្តី តែមានការកត់សម្គាល់ថា ឧកញ៉ាវ័យក្មេង ឌួង ឆាយ ហាក់នៅមិនដាច់ចិត្តពីភរិយារូបស្រស់នេះទេ ហើយមហាជនភាគច្រើនដែលមិនចង់ឲ្យគូស្វាមីភរិយានេះបែកបាក់គ្នា នៅតែចង់ឲ្យអ្នកទាំងពីរជានាគ្នាវិញ ហើយគេសង្ឃឹមថា អ្នកទាំងពីរអាចនឹងមានការសម្រុះសម្រួលគ្នាវិញ ព្រោះគេជឿថា អ្នកទាំងពីរទំនងជាមិនទាន់ដាក់ពាក្យបណ្តឹងលែងលះគ្នាជាផ្លូវការនៅឡើយទេ គ្រាន់តែប្រកាសដំណឹងលែងលះ តាមបណ្តាញសង្គមតែប៉ុណ្ណោះ ដូច្នេះឱកាសផ្សះផ្សា នៅតែមាន។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ាឌួង ឆាយ បានឲ្យដឹងថា បន្ទាប់ពីបែកពីភរិយានិងកូនទាំងបី តែមួយសប្តាហ៍ លោកនឹកខ្លាំងណាស់ ទើបលោកបានសុំអនុញ្ញាតពីអតីតភរិយា មកផ្ទះដើម្បីបានជួបកូន ហើយក៏ដើម្បីបានឃើញមុខអតីតភរិយាផងដែរ ក្នុងឱកាសថ្ងៃបុណ្យណូអែល (គ្រិស្តម៉ាស) ។ ជាមួយនេះ លោកក៏បានបង្ហោះរូបភាពជុំគ្នាជាមួយភរិយានិងកូនទាំងបី កាលបុណ្យណូអែលឆ្នាំមុនផងដែរ។
នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ាឌួង ឆាយ បានបង្ហោះរូបថតជាមួយកូនប្រុសស្រីទាំង ៣នាក់ (បាត់ភរិយា) ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយសំណេរថា “រីករាយថ្ងៃបុណ្យណូអែល ណាពូមីងបងប្អូនទាំងអស់គ្នា! Happy Merry Christmas 2020 ! ថ្ងៃនេះសុំការអនុញ្ញាតពីគាត់ មកផ្ទះ យកកាដូមកឱ្យកូនៗ ខានជួបកូនៗជិតមួយសប្តាហ៍ហើយ នឹកណាស់…”៕