Thursday, July 24, 2025
Homeព័ត៌មានជាតិចាត់ទុកជាមេរៀនសម្រាប់ស្ត្រីជាម្តាយ ដែលចូលចិត្តលេងទូរស័ព្ទ ភ្លេចខ្លួន

ចាត់ទុកជាមេរៀនសម្រាប់ស្ត្រីជាម្តាយ ដែលចូលចិត្តលេងទូរស័ព្ទ ភ្លេចខ្លួន

ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ អាយុទើប ១ខួប ចេះដើរតេះតះ បានដើរទៅលេងក្បែរធុងទឹកនៅក្នុងបន្ទប់ទឹក រួចក៏ដាំក្បាលធ្លាក់ចូលធុងទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីជាម្តាយ រវល់ជាប់ដៃលេងទូរស័ព្ទ ភ្លេចខ្លួន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីរងគ្រោះដែលដាំក្បាលចូលធុងទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់ខាងលើនោះ មានឈ្មោះវ៉ៅ ស្រីនី ទើបតែមានអាយុ ១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបញ្ជាក់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយ បាននៅអង្គុយលេងទូរស័ព្ទ នៅមុខបន្ទប់ជួលដែលខ្លួនស្នាក់នៅ។ ចំណែកកូនស្រី  (ក្មេងស្រីរងគ្រោះ) បានលេងជាមួយក្មេងៗមួយចំនួនទៀត នៅក្នុងបន្ទប់ ដោយរត់ចុះរត់ឡើង ចេញចូលៗក្នុងបន្ទប់នោះ។ លុះក្រោយមក ក្មេងៗដែលលេងជាមួយ បាននាំគ្នាទៅផ្ទះវិញអស់ នៅសល់តែក្មេងស្រីរងគ្រោះ លេងម្នាក់ឯងនៅក្នុងបន្ទប់ ស្រាប់ពេលនោះ ក្មេងស្រីរងគ្រោះ បានដើរចូលទៅលេងនៅក្នុងបន្ទប់ទឹក និងបានលេងទឹកធុង បណ្តាលឱ្យដាំក្បាលចូលទៅក្នុងធុង ដែលមានទឹកជម្រៅប្រមាណ ២ទៅ៣តឹក ហើយក៏ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលម្តាយ មិនបានដឹង និងជួយសង្គ្រោះទាន់នោះឡើយ។

ប្រភពដដែល បន្តថា លុះមួយសន្ទុះក្រោយមក ស្ត្រីជាម្តាយ នឹកឃើញបាត់កូនស្រី ក៏ស្រែកហៅ តែមិនឮមាត់ឆ្លើយសោះ លុះរត់រទៅរកមើលពេញផ្ទះ នៅតែមិនឃើញ ក៏ចូលមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញកូនស្រីដាំក្បាលនៅក្នុងធុងទឹក ជើងឡើងលើ ទើបស្ទុះលើកកូនស្រីចេញពីក្នុងធុងទឹក រួចបាននាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែអកុសល ពេលទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ហួសពេលហើយ ក៏ដឹកកូនត្រឡប់ទៅផ្ទះវិញ និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឱ្យចុះទៅពិនិត្យតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីរាយការណ៍បន្តទៅនគរបាលជំនាញកោសល្យវិច័យ ធ្វើការត្រួតពិនិត្យ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES