តារាសម្ដែងគឹម ច័ន្ទបរមី បានធ្វើឲ្យមនុស្សជាច្រើននៅកោះពេជ្រ មានការភ្ញាក់ផ្អើលនៅថ្ងៃ Merry Christmas ព្រោះតែនាងជិះឧត្ថម្ភាគចក្រ ចុះចតនៅមុខមហោស្រពកោះពេជ្រ ហើយមានរថយន្ដទំនើប២គ្រឿង បានចេញទៅយកនាង ពេលដែលស្រីស្រស់រូបនេះ ចុះពីលើកាំជណ្ដើរឧទ្ធម្ភាគចក្រនោះភ្លាម។

ស្រីស្អាតច័ន្ទបរមី បានលេងឈុតខ្មៅ១ឈុតតែម្ដង ដែលមើលទៅភាពហ៊ឺហារបស់នាងនៅពេលនេះ គឺមិនចាញ់តារាបរទេសនោះឡើយ។ ប៉ុន្ដែការឡើងការលីពដល់កំពូលរបស់កញ្ញាច័ន្ទបរមី នៅពេលនេះ គឺដោយសារតែនាងមានសង្សារបណ្ដូលចិត្ត លោកហ៊ុន បញ្ញាបុត្រ ដែលត្រូវជាចៅសម្តេចនាយករដ្ឋមន្រ្ដី ហើយបុរសវ័យក្មេងទ្រព្យស្ដុកនេះ ហ៊ានផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ ដែលគេអាចនិយាយបានថា ពេលនេះជីវិតរបស់នាងបានដល់ត្រើយសុខសាន្ដទៅហើយ។

ការដែលកញ្ញាច័ន្ទបរមី ត្រូវគូស្នេហ៍យកឧត្ថម្ភាគចក្រទៅដឹកដើរលេងកម្សាន្ដនោះ មិនមែនជាលើកទី១ឡើយ ព្រោះគេចាំបានថា កាលពីខែសីហា ឆ្នាំ២០២០ តារាសម្ដែងរូបនេះត្រូវបានលោកហ៊ុន បញ្ញាបុត្រ យកយន្ដហោះផ្ទាល់ខ្លួន ម៉ាកអ៊ែប៊ើស ៧២ (Air Bus 72) ទៅដឹកនាងពីប្រទេសអូស្រា្ដលី មកស្រុកខ្មែរវិញផងដែរ។

គួរបញ្ជាក់ថា គឹម ច័ន្ទបរមី ជាអតីត Freshie ដោយបានឈានជើងចូលប្រឡូកក្នុងការថតភាពយន្ដ និងស្ពតមួយចំនួន ហើយរូបសម្រស់របស់នាងស្រដៀងតារាកូនកាត់បរទេស។ មិនទាន់ទាំងមានឈ្មោះល្បីល្បាញផង កញ្ញាច័ន្ទបរមី បានភ្ជាប់ស្នេហ៍ជាមួយលោកហ៊ុន បញ្ញាបុត្រ អាយុ២៣ឆ្នាំ ដែលត្រូវជាកូនអ្នកស្រីហ៊ុន ចន្ទូ និងជាចៅប្រុសរបស់លោកហ៊ុន ណេង ដែលជាបងប្រុសរបស់សម្តេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ។

អនាគតម្ដាយក្មេកគឹម ច័ន្ទបរមី គឺអ្នកស្រីហ៊ុន ចន្ធូ ជាពាណិជ្ជករមួយរូប ដែលមានក្រុមហ៊ុនជាច្រើននៅកម្ពុជា ទើបគេសរសើរពីភ័ព្វសំណាងរបស់កញ្ញាច័ន្ទបរមី ដែលអនាគតទៅ នាងអាចរស់នៅមានទ្រព្យស្តុកស្តម្ភ។

កញ្ញាគឹម ច័ន្ទបរមី ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា សង្សារនាង (បញ្ញបុត្រ) មានស្រីជាច្រើនឆាតទៅសុំស្រលាញ់ តែលោកស្មោះត្រង់នឹងនាងណាស់ សូម្បីតែសារដែលស្រីផ្សេងៗឆាតទៅនោះ ក៏លោកបង្ហាញឲ្យនាងដឹងដែរ។ នាងថា ជីវិតស្នេហារបស់នាងពេលនេះ គឺដូចគូសង្សារគេដទៃទៀតដែរ៕



