ភ្នំពេញ ៖ បន្ទាប់ពីបានទទួលចំណាត់លេខ២ ក្នុងកម្មវិធីប្រកួត បវរកញ្ញាចក្រក្រវាលកម្ពុជា ឆ្នាំ២០២០ (Miss Universe Cambodia 2020) នៅពេលនេះ អ្នកគ្រូពេទ្យរូបស្រស់ កញ្ញាឈុន រក្សា ដែលត្រូវបានជ្រើសជាបវរកញ្ញាទេសចរណ៍កម្ពុជា កំពុងធ្វើជាតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងបវរកញ្ញាទេសចរណ៍អន្តរជាតិ ឆ្នាំ២០២០ ដែលត្រូវធ្វើតាមអនឡាញ ដោយសារតែបញ្ហាកូវីដ-១៩ មិនអាចឲ្យចេញទៅប្រកួតផ្ទាល់នៅក្រៅប្រទេសបាន។ បវរកញ្ញាទេសចរណ៍កម្ពុជា រូបនេះ បានអំពាវនាវឲ្យជនរួមជាតិ និងទស្សនិកជនទូទាំងពិភពលោក ជួយគាំទ្រនាងផង តាមរយៈ page ផ្លូវការ Miss Tourism International ។

កញ្ញាឈុន រក្សា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថា កញ្ញាមានមោទនភាពណាស់ ដែលបានក្លាយជាបេក្ខភាពបវរកញ្ញាទេសចរណ៍អន្តរជាតិ ឆ្នាំ២០២០ តំណាងឲ្យកម្ពុជា ចូលរួមប្រកូតជាមួយបេក្ខភាពបវរកញ្ញា មកពី ៣១ប្រទេសទៀត។ ដូច្នេះកញ្ញាសន្យាថា នឹងខិតខំប្រឹងប្រែងនាំជោគជ័យមកជូនកម្ពុជា ឲ្យបាន ហើយក៏មិនភ្លេចអរគុណដល់ប្រជាជនខ្មែរ ដែលបានគាំទ្រនាង និងសុំឲ្យបន្តការគាំទ្រនេះទៅមុខទៀត រហូតដល់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ខាងមុខ។

កញ្ញាឈុន រក្សា បានថ្លែងយ៉ាងថា “ចាស! ដោយសារតែខាងក្រុមហ៊ុន បានឲ្យខ្ញុំតំណាងកម្ពុជា ប្រកួតកម្មវិធី Miss Tourism International ២០២០ ហ្នឹង ហើយដោយសារតែឥឡូវមានជំងឺកូវីដ អ៊ីចឹង យើងអត់អាចចេញទៅខាងក្រៅបានទេ យើងបានត្រឹមប្រកួតតាមអនឡាញ គឺការប្រកួតតាមអនឡាញហ្នឹង យើងថតវីដេអូខ្លីៗ ផ្ញើទៅឲ្យគេ ដូចជារយៈពេល ១នាទីកន្លះ ទាក់ទងពីទេសចរណ៍នៅក្នុងប្រទេសយើង។

កម្មវិធីនេះ មាន ៣១ប្រទេស ចូលរួម គឺមានទាំងអាស៊ី និងអឺរ៉ុប ហើយប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។ មកដល់ឥឡូវ យើងនៅតែកំពុងប្រកួតក្នុងដំណាក់កាលដែលយើងផ្ញើវីដេអូនិយាយពីប្រទេសយើង ទៅឲ្យគេ ហើយនិងការបោះឆ្នោត តាមរយៈប្រព័ន្ធអនឡាញ។ សម្រាប់ខ្ញុំ តំណាងឲ្យកម្ពុជា កំពុងទទួលបានការគាំទ្រជាច្រើនពីអ្នកគាំទ្រ ក៏ដូចជាប្រជាជនកម្ពុជាយើង ព្រោះអីឥឡូវ វាទូលំទូលាយ ដោយសារតែប្រព័ន្ធ Social Media ហ្នឹង គឺគេស្គាល់ច្រើន អ៊ីចឹងប្រជាជនយើង អាចស្គាល់និងយល់ដឹងបានច្រើន តាម Social Media ហ្នឹង»។

កញ្ញា ឈុន រក្សា បញ្ជាក់បន្តថា «សម្រាប់ថ្ងៃផ្ដាច់ព្រ័ត្រ គឺនឹងបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ គឺតាមអនឡាញដដែល។ ដូច្នេះខ្ញុំសង្ឃឹម ៧០% ដោយសារតែមានជំនឿចិត្តលើខ្លួនឯង ជាពិសេសអ្នកគាំទ្រ ពួកគាត់តែងតែជំរុញ ផ្ដល់កម្លាំងចិត្តឲ្យគ្រប់ពេលវេលា និងមានការលើកទឹកចិត្តពីក្រុមគ្រួសាររបស់ខ្ញុំផងដែរ“ ។
កញ្ញាឈុន រក្សា បន្តទៀតថា “អ្វីដែលគេទាមទារនៅក្នុងកម្មវិធីនេះ គឺគេចង់ឲ្យយើងស្គាល់ពីវិស័យទេសចរណ៍នៅក្នុងប្រទេសយើង ឲ្យបានច្រើន ឬស្គាល់កម្ពុជា ឲ្យច្បាស់ និងតំណាងឲ្យប្រទេសមួយៗនោះផងដែរ។ សម្រាប់ខ្ញុំ មកដល់ពេលនេះ បានបង្ហាញពីតំបន់ទេសចរណ៍មួយចំនួន នៅក្នុងប្រទេសយើង ដែលទាក់ទងទៅនឹងកោះរ៉ុង តំបន់សមុទ្រ ហើយនៅពេលខាងមុខទៀត ខ្ញុំនឹងបង្ហាញពីតំបន់ទេសចរណ៍ផ្នែកខាងប្រាសាទ ដូចជាប្រាសាទអង្គរវត្ត និងនៅរតនគិរី មណ្ឌលគិរី ព្រះវិហារ។

បានន័យថា បង្ហាញទាំងទេសចរណ៍បែបធម្មជាតិ និងបែបវប្បធម៌ ធ្វើឲ្យខ្ញុំវរល់ច្រើននៅក្នុងការថត ដោយសារឥឡូវយើងជាបេក្ខភាពប្រកួត អ៊ីចឹងត្រូវថត ឬចាំស្ដាប់ព័ត៌មានពីគេមក ហើយយើងធ្វើតាមហ្នឹង ប៉ុន្តែមិនប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំទេ ដោយសារពេលនេះ នៅសាលាឈប់សម្រាក បន្ទាប់ពីប្រឡងរួចហើយ។

ទោះយ៉ាងណា ខ្ញុំមានមោទនភាពមែនទែន ហើយមានអារម្មណ៍ថា ដូចជាក្ដីយល់សប្ដិមួយដែលខ្ញុំអត់នឹកស្មានដល់ តែឥឡូវខ្ញុំអាចធ្វើបាន ដោយតំណាងឲ្យកម្ពុជា ក្នុងការប្រកួតជាបវរកញ្ញាមួយរូប ហើយខ្ញុំសន្យានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការនាំជោគជ័យមកជូនកម្ពុជា ហើយបើបានជោគជ័យដូចការសន្យាមែននោះ ខ្ញុំនឹងផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកម្ពុជា។ ជាពិសេសចង់ឲ្យស្គាល់ពីតំបន់ទេសចរណ៍ និងឲ្យមើលឃើញថា នារីខ្មែរ មានស្នាមញញឹម និងក្ដីគោរព ភាពល្អប្រពៃ។ ដូច្នេះចុងក្រោយ ខ្ញុំសូមអរគុណអ្នកគាំទ្រនិងក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំសុំឲ្យអ្នកគាំទ្រ ក៏ដូចជាប្រជាជនខ្មែរយើង បន្តគាំទ្រខ្ញុំតទៅទៀតនៅថ្ងៃខាងមុខ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ“។

គួរបញ្ជាក់ថា កញ្ញាឈុន រក្សា មានអាយុ ២១ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ជានិស្សិតឆ្នាំទី៤ នៅសាលាពេទ្យយោធា (ពេទ្យទាហាន) ផ្នែកវេជ្ជបណ្ឌិតទូទៅ។ កញ្ញាឈុន រក្សា មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ តែសព្វថ្ងៃនេះ នាងរស់នៅរាជធានីភ្នំពេញ ជាមួយឪពុកម្ដាយ។ នាងជាកូនទី៤ (កូនស្រីពៅ) ក្នុងចំណោមបងប្អូន ៤នាក់។ ក្រៅពីជាប់ចំណាត់ថ្នាក់លេខ២ បវរកញ្ញាចក្រវាល ២០២០ និងកំពុងធ្វើជាតំណាងកម្ពុជា ចូលរួមប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិ ឆ្នាំ២០២០ កញ្ញាធ្លាប់ចូលរួមប្រឡងកម្មវិធី Freshie នៅឆ្នាំ២០១៦ ហើយបានទទួលចំណាត់លេខ៣ ទូទាំងប្រទេស។

សម្រាប់ថ្ងៃអនាគត នាងចង់បញ្ចប់ផ្នែកវេជ្ជបណ្ឌិត ដើម្បីជួយដល់សង្គម ប្រជាជនកម្ពុជា ឲ្យយល់ដឹងពីបញ្ហាសុខភាព និងចង់ចូលប្រឡូកក្នុងសិល្បៈផងដែរ ព្រោះនាងស្រឡាញ់សិល្បៈ ចង់លើកស្ទួយវិស័យសិល្បៈខែ្មរ ឲ្យកាន់តែទូលំទូលាយ ជាពិសេស កញ្ញាចង់ក្លាយជាតារាសម្ដែង និងពិធីការិនី៕ កុលបុត្រ
