ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពវាយប្លន់ម៉ូតូពីបុរសម្នាក់ នៅឯខេត្តព្រៃវែង រួចក៏ព្យាយាមជិះគេចខ្លួនមកសម្ងំនៅភ្នំពេញ ទីបំផុត មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញព្រៃវែង-ភ្នំពេញ សហការគ្នាតាមប្រមាញ់ចាប់ក្របួចជាប់នៅឯរាជធានីភ្នំពេញ។
ករណីវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ភូមិខ្សុំ ជើង ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃដដែល សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ បាន នៅចំណុចមុខផ្ទះលេខ 119E0 ផ្លូវ១០៧ ភូមិ៣ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជាប ល័ក្ខ ភេទប្រុស មុខរបរដឹកឥវ៉ាន់ ស្នាក់នៅផ្ទះជួល D18 ភូមិសាមគ្គី សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ុន យ៉ត ភេទប្រុស មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិសុនឡុង ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ រីឯម៉ូតូដែលបាត់បង់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1GW-8220។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរឬស្សីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះជាប ល័ក្ខ នៅចំណុចមុខផ្ទះលេខ 119E0 ផ្លូវ១០៧ ភូមិ៣ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិខ្សុំជើង ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានជិះម៉ូតូដែលប្លន់បាន គេចចេញពីខេត្តព្រៃវែង ឆ្ពោះចូលមករាជធានីភ្នំពេញ ដើម្បីលាក់ខ្លួន តែមិនបានប៉ុន្មានម៉ោងផង ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងម៉ូតូជនរងគ្រោះ បានប្រគល់ឱ្យអធិការដ្ឋាននគរបាល ស្រុកពារាំង ចាត់ការបន្តតាមនីតិវិធី៕