ភ្នំពេញ ៖ យុវជន៣នាក់បាននាំគ្នាទៅរកសេវាផ្លូវភេទ នៅម្តុំវត្តភ្នំ លុះកំពុងចរចាតម្លៃគ្នា មិនទាន់ត្រូវរ៉ូវផង ក៏ស្រាប់តែត្រូវបានបក្សពួកនារីរកស៊ីផ្លូវភេទ មកបន្លំលួចទូរស័ព្ទអស់ចំនួន២គ្រឿង ហើយនាំគ្នាគេចខ្លួនបាត់អស់ បន្សល់ទុកតែនារីម្នាក់ ក៏ត្រូវយុវជនទាំង៣ នាំគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ចំណុចវត្តភ្នំ ស្ថិតតាមបណ្តោយផ្លូវ១៣ កែងផ្លូវលេខ៩៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសម្តីជនរងគ្រោះដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួន រួមនឹងមិត្តភក្តិ២នាក់ទៀត សរុប៣នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៤ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូ រួចមិត្តភក្តិ២នាក់ទៀត បានចុះពីលើម៉ូតូនិយាយជាមួយស្ត្រីសង្ស័យ ដើម្បីរកសេវាកម្មផ្លូវភេទ។

ស្រាប់តែមិនទាន់បាននិយាយអីផង ក៏មានបក្សពួកស្ត្រីសង្ស័យចំនួន៤ទៅ៥នាក់ បានមកឡើងជិះម៉ូតូ និងឱបចង្កេះខ្លួន រួចក៏ធ្វើសកម្មភាពបន្លំលួចទូរស័ព្ទដៃចំនួន២គ្រឿង បានសម្រេច រួចរត់ឡើងជិះម៉ូតូឌុប ដែលអង្គុយរង់ចាំគេចខ្លួនបាត់ស្រមោលអស់។ ហើយភ្លាមៗនោះ ពួកគាត់បានដេញតាមចាប់នារីសង្ស័យបានម្នាក់ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

តាមសមត្ថកិច្ចកិច្ចបានប្រាប់ថា ស្ត្រីសង្ស័យដែលឃាត់មកនេះមានឈ្មោះសាលី អាយុ៣៨ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅមិនពិតប្រាកដ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីទាំងកើតហេតុ និងបាននាំខ្លួនស្ត្រីសង្ស័យម្នាក់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក សួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕