ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ទើបធ្វើឱ្យគ្រប់គ្រងសតិអារម្មណ៍លែងបាន តែងអុកឡុកបំផ្លាញទ្រព្យសម្បត្តិ និងធ្លាប់ដុតផ្ទះ២ដងរួចមកហើយ រហូតត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅពន្ធនាគារ១ឆ្នាំ ទើបចេញមកវិញបាន៦ខែ ស្រាប់តែនៅសុខៗក៏យកខ្សែភ្លើងមករុំកដៃ រួចដោតឌុយភ្លើងធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់ទាំងព្រឹក។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ៣៦៣ ភូមិអណ្តូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះឈ្មោះប៉ន ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអតីតជាងភ្លើង និងមានប្រពន្ធឈ្មោះចុង សុខលាប មានអាយុ៤៥ឆ្នាំ មានកូនប្រុស៣នាក់ នៅក្នុងបន្ទុក និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ភ្ញាក់ពីដេកក៏បានឮសំឡេងប្តីច្រៀងលេង ក្រោយមកក៏ស្ងាត់មាត់ប្តីទៅវិញ លុះពេលគាត់បានចេញពីផ្ទះខាងក្រោយ ដើរមកមុខ ក៏បានឃើញប្តីត្រូវខ្សែភ្លើងឆក់ស្លាប់បាត់ទៅហើយ។

ស្ត្រីជាប្រពន្ធបន្តថា កន្លងមកប្តីគាត់គឺជាមនុស្សញៀនថ្នាំ ពេលជាតិថ្នាំរើម្តងៗ តែងតែវាយបំផ្លិចបំផ្លាញរបស់របរ និងធ្លាប់ដុត ផ្ទះចំនួន២ដង និងធ្លាប់នគរបាលចាប់បញ្ជូន ទៅកាន់មណ្ឌលកែប្រែជាច្រើនដងហើយ ហើយចុងក្រោយទើបចេញវិញបានប្រមាណ៦ខែប៉ុណ្ណោះ ស្រាប់តែមកជួបរឿងបែបនេះតែម្តង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះបានតខ្សែភ្លើងរញ៉េរញៃុ ភ្ជាប់នៅកង្ហារ និងយកទៅរុំកដៃ បន្ទាប់មកក៏ដោតចូលព្រីភ្លើង បណ្តាលឱ្យឆក់ស្លាប់នៅក្បែរធុងបាស់។

សមត្ថកិច្ចបញ្ជាក់ថា កាលពីប្រមាណជាង១ឆ្នាំមុន បុរសរូបនោះបានដុតផ្ទះ បណ្តាលឱ្យឆេះផ្អើលរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់ ហើយបុរសរូបនោះបានឡើងទៅលើដំបូលផ្ទះ ក្រោយមកក៏ត្រូវកម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅអន្តរាគមន៍ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូង ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ទើបចេញបានប្រមាណ៦ខែ ហើយក៏តភ្លើងយកមកចងកដៃ បណ្តាលឱ្យឆក់ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។

សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕