ខេត្តកណ្តាល ៖ យុវជនយុវជនម្នាក់បានខ្ចីម៉ូតូបុរសម្នាក់ជិះ ដោយប្រាប់ថា មានការ តែបែរជាយកទៅផឹកស៊ីនៅក្នុងហាង ហៅស្រីមកអង្គុយកំដរម្តង២នាក់ លុះអត់មានលុយឱ្យធីបស្រី ក៏បែកគំនិតបញ្ចាំម៉ូតូដែលខ្ចីគេយមកជិះ រួចព្យាយាមគេចខ្លួន ទីបំផុត ម្ចាស់ម៉ូតូតាមរកមុខឃើញ ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋត្បូងពេជ្រ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

ជនរងគ្រោះឈ្មោះ ឆោម អាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករឡឥដ្ឋ សព្វថ្ងៃស្នាក់នៅឡឥដ្ឋត្បូងពេជ្រ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ ចំណែកជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខុន វ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករលើកឥដ្ឋតាមឡាន សព្វថ្ងៃស្នាក់នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រីឯសម្ភារបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្តាល 1H-8513 (ជារបស់ជនរងគ្រោះ)។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះ ធ្លាប់ស្គាល់ទំនាក់ទំនងជាមួយគ្នា ដោយធ្វើជាកម្មករឡឥដ្ឋ។ លុះមកដលក់វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីជនសង្ស័យបានផឹកស្រាជាមួយនឹងមិត្តភក្កិរបស់ខ្លួនរួច ជនសង្ស័យក៏បានទៅខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ ដោយប្រាប់ជនរងគ្រោះថាទៅដូរក្រវិលកំប៉ុងស្រាបៀរ ពេលនោះជនរងគ្រោះក៏ឱ្យសោម៉ូតូទៅជនសង្ស័យ ជិះទៅដោយសារស្គាល់ធ្លាប់រាប់អានគ្នា។

បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូរបស់ជនរងគ្រោះ រហូតដល់ទំនប់កប់ស្រូវខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលទៅដល់ក៏បានជួបឈ្មោះ រី ជាកម្មករលើកឥដ្ឋតាមឡានជាមួយគ្នា ហើយក៏នាំគ្នាផឹកស្រាបៀរនៅទីនោះ រហូតដល់វេលាម៉ោង៨យប់ ទើបបែកផ្លូវគ្នា។ ក្រោយមកជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះតែម្នាក់ឯងទៅផឹកស្រាបន្តទៀត នៅហាងស្រាក្រឡុក នៅម្តុំព្រៃទា រាជធានីភ្នំពេញ។
ពេលនោះជនសង្ស័យ ក៏បានហៅនារីមកអង្គុយផឹកស្រាជាមួយចំនួន២នាក់ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គិតលុយ អស់ចំនួន៣០ម៉ឺនរៀល ដោយគ្មានប្រាក់ឱ្យធីបស្រី និងឱ្យថ្លៃស្រាគេ ជនសង្ស័យក៏បានបញ្ចាំម៉ូតូរបស់ជនរងគ្រោះ ហើយខ្លួនក៏ដេកនៅទីនោះរហូតទល់ភ្លឺ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូកង់បី ត្រឡប់មកផ្ទះក្មួយឈ្មោះធីតា និងឈ្មោះចាន់ ណា នៅឡឥដ្ឋរបស់ឈ្មោះពិត ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល។

លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះដឹងថា ជនសង្ស័យនៅឡឥដ្ឋរបស់ឈ្មោះពិត ក៏បានទៅនាំ ជនសង្ស័យ យកមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋានគរបាលស្រុកមុខកំពូលទាំងយប់តែម្តង។
ក្រោយពីទទួលបណ្តឹងជំនាញក៏បានសាកសួរជនសង្ស័យ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ យកទៅផឹកស៊ីហើយដាក់បញ្ចាំពិតប្រាកដមែន។ ចំពោះជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរៀបចំកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕