ខេត្តកំពង់ធំ ៖ ក្មេងប្រុសតូចម្នាក់ ត្រូវម្តាយយកទៅផ្ញើជាមួយនឹងជីដូនងងឹតភ្នែក ឱ្យជួយមើលថែ ព្រោះរវល់ចេញទៅចូលរួមមង្គលការគេក្នុងភូមិ លុះត្រឡប់មកវិញ បាត់កូនមិនឃើញ ក៏ចុះរាវរកក្នុងប្រឡាយទឹកក្បែរផ្ទះ ស្រាប់តែប្រទះឃើញសាកសពកូនប្រុសលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។
ករណីនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះឡា សុខលី អាយុ៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះសាន កុសល អាយុ២២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានត្រូវទៅចូលរួមមង្គលការគេក្នុងភូមិ ទើបយកកូនប្រុស (ក្មេងប្រុស រងគ្រោះ) ទៅផ្ញើជាមួយម្តាយងងឹតភ្នែក។ លុះពេលត្រឡប់មកពីមង្គលការគេវិញ ដល់ផ្ទះបាត់កូនមិនឃើញ ក៏បានដើររកសួរអ្នកជិត ខាងក៏មិន បាន ឃើញ កើតការសង្ស័យក៍ចុះរាវតាមទឹកប្រឡាយក្បែផ្ទះមួយ សន្ទុះទើប្រទះឃើញក្មេងរងគ្រោះ តែបានស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានដំណឹងកម្លាំងនគរបាលប៉ុស្តិ៍ និងលោកមេភូមិ មេឃុំ បានចុះពិនិត្យពុំឃើញមានស្លាកស្នាមអ្វីសង្ស័យករណីឃាតកម្ម ឡើយ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្មេងរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វីបុណ្យតាមប្រពៃណី៕