បុរសម្នាក់បានស្នើសុំឲ្យក្រសួងសុខាភិបាល ត្រួតពិនិត្យមន្ទីរពេទ្យបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ខណៈដែលបុរសរូបនោះអះអាងថា ឪពុករបស់គាត់មានជំងឺធម្មតាសោះ ស្រាប់តែខាងមន្ទីរពេទ្យបានពិនិត្យឃើញមានជំងឺមហារីក។

បុរសម្នាក់ឈ្មោះ ចូច ផានិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “ខេមរៈ សេរីក្រោយ” សុំឲ្យស្ថាប័នព័ត៌មាន ជួយផ្សព្វផ្សាយពីការធ្វេសប្រហែសរបស់មន្ទីរពេទ្យមួយចំនួន ដោយលោកបានលើកឡើងថា ឳពុកគាត់ឈឺធម្មតា ទៅពិនិត្យនៅមន្ទីរពេទ្យព្រះអង្គឌួង ស្រាប់តែចេញលទ្ធផល មកថាមានជម្ងឺកាចសាហាវ (មហារីក) សាច់ច្រមុះ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យរុស្សី មន្ទីរពេទ្យរុស្សី មិនបានពិនិត្យអ្វីបន្ថែមទាំងអស់ ចាក់ថ្នាំគីមីប្រឆាំងជម្ងឺមហារីក យកតែម្តង។

ដោយសារមិនអស់ចិត្ត កូនៗយកលោកឳពុក មកពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ជាលទ្ធផល គឺឪពុកគាត់មិនមានជម្ងឺកាចសាហាវនោះទេ។

ជាចុងក្រោយ បុរសរូបនោះបន្ថែមថា សូមឲ្យក្រសួងសុខាភិបាល ជួយតាមដាននិងត្រួតពិនិត្យបន្ថែមទៀតទៅលើមន្ទីរពេទ្យទូទាំងប្រទេស ជីវិតមនុស្សមិនមែនជាសំរាមទេ ដើម្បីឲ្យប្រជាជនមានភាពកក់ក្តៅ និងកុំឲ្យជួបបញ្ហាដូចគ្រួសារលោកទៀត។

យ៉ាងណា នៅព្រឹកនេះ អ្នកយកព័ត៌មានយើង មិនទាន់បានទទួលការបកស្រាយបំភ្លឺពីខាងមន្ទីរពេទ្តនៅឡើយទេ៕