ខេត្តតាកែវ ៖ បន្ទាប់ពីមានការរិះគន់រឿងអាជ្ញាធរ បណ្តោយឲ្យឈ្មួញដឹកដីឆ្លងកាត់ប្រាសាទបុរាណសែនភូវាំង ស្ថិតនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ធ្វើឲ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនោះមក កាលពីថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលការពារបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយលោក ជេត ពិសិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការណែនាំម្ចាស់គ្រឿងចក្រនិងម្ចាស់ដីស្រែ ឈ្មោះឈុន ង៉ែត ដែលបានធ្វើសកម្មភាពកាយដី ដឹកដី ឆ្លងកាត់តំបន់ប្រាសាទសែនភូវាំង ដែលមានទីតាំងស្ថិតនៅភូមិខាងលើ មកធ្វើការអប់រំណែនាំស្តីអំពីច្បាប់កិច្ចការពារបេតិកភណ្ឌ ដើម្បីឲ្យចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសម្បត្តិសាធារណ: ឲ្យបានគង់វង្ស និងបានធ្វើកិច្ចសន្យាអប់រំ ឲ្យទទួលកំហុស និងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់តំបន់ការពារប្រាសាទសែនភូវាំង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍ថា ប្រាសាទបុរាណ សែនភូវាំង ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ កំពុងជួបហានិភ័យ ខណៈក្រុមឈ្មួញដឹកដីឆ្លងកាត់លើខឿន និងបរិវេណប្រាសាទ ដែលអាចបណ្ដាលឱ្យរំលំបាក់ ក្នុងពេលឆាប់ៗនេះ បើសិនជាអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ទេនោះ។

ម្ចាស់ដីឈ្មោះ ឈុន ង៉ែត បានអះអាងថា ខ្លួនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ពីអាជ្ញាធរឃុំ រហូតដល់ស្រុក មុននឹងធ្វើសកម្មភាពដឹកដីកាត់ប្រាសាទ បានដោយរលូនបែបនេះ។

ប៉ុន្តែលោកកេត ម៉ៅ អភិបាលស្រុកសំរោង បានឱ្យដឹងនៅថ្ងៃដដែលនោះថា លោកមិនបានដឹងសោះចំពោះករណីនេះ តែលោកនឹងបញ្ជាកម្លាំងចុះទៅពិនិត្យ និងចាប់ឃាត់គ្រឿងចក្រដែលធ្វើឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ប្រាសាទសែនភូវាំង គឺជាប្រាសាទដែលសាងសង់ដំណាលនឹងប្រាសាទ ភ្នំជីសូរ ហើយត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ពីក្រសួង-មន្ទីរ ពាក់ព័ន្ធ ជាពិសេសក្រសួង-មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ ឲ្យនៅគង់វង្សយូរអង្វែង៕
