Thursday, July 17, 2025
Homeតារាខ្មែរកូវីដមិនទាន់ស្ងាត់!!! លោកដង្ខៅ បោះទុនជាង១លានដុល្លារ

កូវីដមិនទាន់ស្ងាត់!!! លោកដង្ខៅ បោះទុនជាង១លានដុល្លារ

ខណៈដែកូវីដ-១៩ នៅតែមិនទាន់រលត់នោះ បណ្ដាអ្នកវិនិយោគទាំងឡាយបានផ្អឹបគម្រោងបោះទុនធំៗមួយអន្លើ ព្រោះខ្លាចបរាជ័យដោយសារតែប្រជាជនកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ប៉ុន្ដែកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ.ក បានសម្ពោធដីឡូតិ៍សាខាទី៤ របស់ខ្លួន ដែលមានឈ្មោះថា ”គម្រោងដំណាក់ត្រាច” លើទំហំផ្ទៃដី១០ហិកតារ នៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានប្រជាជនជាច្រើនបានទៅរកទិញដីឡូតិ៍របស់ក្រុមហ៊ុនមួយនេះ។

លោកគល់ តុលា អគ្គនាយកក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ.ក បានឲ្យដឹងថា ទោះជាកូវីដ មិនទាន់ស្ងាត់មែន ប៉ុន្ដែការលក់ដីឡូតិ៍នៅតែមានសន្ទុះ ហើយលោកមើលឃើញថា ទីតាំងនេះមានផ្ទះប្រជាជននៅជុំវិញ ចំណែកនៅខាងក្រោយទីតាំងនេះ មានផ្ទៃដី១២០ហិកតារ ជាគម្រោងសួនឧស្សាហកម្មរបស់ជនបរទេស ហេតុនេះហើយលោកមិនបារម្ភចំពោះការបើកលក់នៅទីនេះ ទាំងកូវីដ មិនទាន់ស្ងាត់នេះទេ។

លោកបន្តថាទីតាំងទី៤ របស់ដីឡូតិ៍ក្រុមហ៊ុនលោកនេះ មានផ្ទៃដី១០ហិកតារ ដែលបែងចែកជាគ្រុប A មាន ៥ហិកតារ សម្រាប់ពុះជាង២០០ឡូតិ៍ លក់ក្នុងតម្លៃ១ឡូតិ៍ ចាប់ពី៧៥០០ដុល្លារឡើងទៅ, ចំណែកគ្រុប B លោកគ្រោងសង់ផ្ទះល្វែងលក់។

លោកបន្ថែមថា នៅឆ្នាំ២០២១នេះ ដីឡូតិ៍នឹងមានសន្ទុះឡើងវិញ ហើយដែលគម្រោងថ្មីនេះ លោកប្រើពេលតែ២ខែទេ សម្រាប់លក់ឲ្យអស់ ព្រោះថា ដីដែលលោកដាក់លក់នេះ មានភ្ជាប់ប្រព័ន្ធទឹក, លូ និងភ្លើងសូឡា រួចជាស្រេចហើយ​ទីតាំងនេះ លោកក៏មានគម្រោងសង់ផ្ទះលំហែនៅទីនេះដែរ ហើយពេលចេញជារូបរាងនោះ លោកជឿថា ដីនេះនឹងឡើង១ឡូតិ៍ ១៥០០០ដុល្លារជាមិនខាន។

លោកបន្ថែមទៀតថា គម្រោងដំណាក់ត្រាច នេះ មានសង់ផ្សារបឹងកាឡូ និងផ្សារសហគមន៍ផងដែរ ទើបលោកកាន់តែមានទំនុកចិត្តខ្ពស់ជាមួយការវិនិយោគថ្មីនេះថា នឹងជោគជ័យលើគម្រោងថ្មី ដែលប្រើទុនអស់ទឹកប្រាក់ចំនួន១លានដុល្លារនេះ។

ក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ.ក បានចែងជាដង្ខៅ Investment ដែលបង្កើតឡើងនៅឆ្នាំ២០២១ និងដង្ខៅគ្រុប ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងនោះមានសេវាកម្មអចលនទ្រព្យ, Investment, Jean និងលក់ថ្ម។

លោកគល់ តុលា បានអះអាងដែរថា ការម្ពោធគម្រោងដំណាក់ត្រាច ចំថ្ងៃ៧មករា នេះ ដីឡូតិ៍លោកក៏មានការប្រូម៉ូសិនពិសេសផងដែរ គឺអតិថិនជនកក់មុន ៧០% នៃតម្លៃដី១ឡូតិ៍នោះ ពួកគាត់ទទួលបានម៉ូតូហុងដា ស៊េរីឆ្នាំ២០២១ មួយគ្រឿង ដែលកាដូនេះមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃសម្ពោធ៕

RELATED ARTICLES