Thursday, July 17, 2025
Homeតារាខ្មែរមាស សុខសោភា ចូលប្រឡូកវិស័យជំនួញ ខ្លាំងជាងអាជីពចម្រៀង?

មាស សុខសោភា ចូលប្រឡូកវិស័យជំនួញ ខ្លាំងជាងអាជីពចម្រៀង?

នៅឆ្នាំ២០២១នេះ មាស សុខសោភា បានប្ដូរមុខមាត់ថ្មីពីតារាចម្រៀងដែលមិនសូវចេះលេងខ្លួន មកជាអ្នកដែលត្រូវតែបញ្ចេញស្បែកសាច់ឲ្យគេឃើញ ច្រើនជាងឆ្នាំមុនៗ។

ការដែលសោភា ប្ដូរយុទ្ធសាស្រ្ដថ្មីបែបនេះ មិនមែនទាក់ទងការផ្សព្វផ្សាយបទចម្រៀងថ្មីរបស់នាង ឲ្យទទួលបានការចាប់អារម្មណ៍ឡើយ ប៉ុន្ដែនោះជាការសម្របខ្លួនទៅតាមការរៀបគម្រោងធ្វើមុខជំនួញរបស់នាង ដែលចាប់ផ្ដើមវាយលុកទីផ្សារទាក់ទងសម្រស់ ហើយបើថៅកែស្រីមិនឲ្យគេឃើញស្បែកថា ស្អាត ឬអត់ផង អីចឹងគេម៉េចនិងជឿ ឬទិញទៅ? ហេតុនេះហើយ សោភា ត្រូវតែហ៊ានបញ្ចេញស្បែក ទើបអាចយកឈ្នះជាមួយអ្នកលក់តាម Online ផ្សេងៗទៀតបាន ។

ដោយឡែកមជ្ឈដ្ឋានមហាជនមួយចំនួន សង្កេតឃើញថា នៅឆ្នាំថ្មីនេះ មាស សុខសោភា អាចផ្ដោតទៅលើការរកស៊ីច្រើនជាងការប្រជែងបទចម្រៀងជាមួយតារាល្បីៗ ព្រោះថា កូវីដ-១៩ នៅមិនទាន់ស្ងាត់ ហេតុនេះហើយនាងឈានជើងចូលវិស័យ Online កាន់តែខ្លាំងដូចតារាចម្រៀងពេជ្រ សោភា ដែរជាមិនខាន។

ប៉ុន្ដែក្នុងនាមជាតារាចម្រៀងស្រីលំដាប់ជួរមុខម្នាក់បែ រជាមាស សុខសោភា ផាត់ចោលផលិតកម្មធំ២ គឺ ហង្សមាស និង Galaxy ដើម្បីទៅចូលរាម ក្នុងបំណងរកស៊ីលក់ផលិតផលជាមួយថៅកែស្រីផលិតកម្មនោះ ធ្វើឲ្យមានភាពស្រពេចស្រពិលនៅឡើយថា តើមាស សុខសោភា នៅតែអាចរក្សាតំណែងជាតារាចម្រៀងស្រីលំដាប់ជួរមុខតទៅទៀត ឬមួយក៏នាងត្រៀមខ្លួនបោះបង់ការប្រកួតប្រជែងក្នុងទីផ្សារចម្រៀង ទើបងាកទៅផ្ដោតលើមុខរបរថ្មី ច្រើនជាងច្រៀងរាំ?

ទោះជាយ៉ាងណា ក្នុងជំនួបនាពេលកន្លងមក មាស សុខសោភា ប្រាប់ថា នាងទៅផលិតកម្មថ្មីនោះ គឺទៅច្រៀងផង រកស៊ីផង​បានន័យថា ចាប់យកទាំង២តែម្ដង។

ដោយឡែក លោក Spy អ្នកបច្ចេកកទេសសំឡេងរបស់ផលិតកម្មរាម បានប្រាប់កាលពីពេលថ្មីៗនេះថា ក្រុមការងាររបស់លោកបានធ្វើបទចម្រៀងឲ្យសោភា ច្រៀងរួចជាស្រេចទៅហើយ ព្រមទាំងមានគោលការណ៍ធ្វើបទឲ្យនាងទាំងសម្រាប់ប្រចាំសប្ដាហ៍ និងខែផងដែរ ដែលរាម នឹងធ្វើពិធីសម្ពោធទ្រង់ទ្រាយធំនៅខែមករា ឆ្នាំ២០២១ នេះហើយ។

ក្រៅពីមាស សុខសោភា តារាចម្រៀងដែលងាកមករកស៊ីតាម Online មានដូចជា អ្នកនាងពេជ្រ សោភា, ម៉ូលីកា ,អេនជី, កញ្ញាសុខ ពិសី និងរ៉ាប៊ី ជាដើម។

ដោយឡែក មាស សុខសោភា វិញ បានចាយយទុនទ្រង់ទ្រាយធំ ហើយនាងចាប់ផ្ដើមពង្រឹងលើការថែរក្សាសម្រស់ ដូចស្រីស្អាតមួយចំនួនទៀត នៅលើ Online​ដែរ។

តាមរយៈការបោះជំហានថ្មីនេះ គេជឿថា សោភា នឹងអាចបន្ដថែមកុងត្រាថ្មី ជាមួយរាម ជាមិនខាន ប្រសិនបើនាងជោគជ័យលើការធ្វើជំនួញនេះ ខណៈដែលព័ត៌មានដំបូងលេចឮថា សោភា ចុះកុងត្រាជាមួយផលិតកម្មនេះ តែ១ឆ្នាំប៉ុណ្ណោះ។

ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថា សោភា ចុះកុងត្រានៅរាម តែ១ឆ្នាំ ដើម្បីរង់ចាំមើលថា​ តើលោកព្រាប សុវត្ថិ ចេញពីហង្សមាស ទៅ​ Galaxy នោះ ជោគជ័យ ឬមួយធ្លាក់កូដ? ប្រសិនបើព្រាប សុវត្ថិ នៅតែខ្លាំង ការងារសិល្បៈនៅតែច្រើនដូចមុននោះ មាស សុខសោភា នឹងមានភាគរយខ្ពស់ក្នុងការទៅ Galaxy ច្រើនជាងហង្សមាស នៅពេលដេលនាងចប់កុងត្រាជាមួយរាម។

មុនចេញបទចម្រៀងថ្មីនៅរាម មាស សុខសោភា បានប្រារពខួបស្នេហ៍១១ឆ្នាំ ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា តែនាងមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការឡើយ បន្ទាប់ពីបង្ហើបថា នឹងអាចធ្វើឲ្យគេភ្ញាក់ផ្អើល នៅឆ្នាំ២០២១ នេះ៕

                             ហ៊ឹម វិចិត្រ

RELATED ARTICLES