លោកឃឹម ហ្វីណង់ នៅថ្ងៃនេះបានដឹកនាំមន្ត្រីដើរបកស្លាកផ្សាយពាណិជ្ជកម្ម ដែលម្ចាស់អាជីវកម្មមួយចំនួនបានដើរបិទជាប់នឹងដើមឈើ បង្គោលភ្លើង។ នៅពេលនោះ លោកក៏បានបញ្ជាក់ថា នៅស្រុកបន្ទាយស្រីទាំងមូល នឹងមិនអនុញ្ញាឲ្យម្ចាស់អាជីវកម្មដើរបិទស្លាកផ្សាយពាណិជ្ជកម្មពាសវាលពាសកាលទៀតហើយ ហើយម្ចាស់អាជីវកម្មទាំងនោះ គេចមិនផុតនោះទេ។

លោកឃឹម ហ្វីណង់ បានបង្ហោះសារនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ថា “ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រី នឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ! ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្រប់ដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្ម ដោយគ្មានការទទួលខុសត្រូវនោះដែរ។

អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ”៕
