Wednesday, July 16, 2025
Homeតារាខ្មែរទូច ស៊ុននិច ថានឹកទឹកដីអង្គរ ថ្ងៃណា​មួយនឹងមកលេងមាតុភូមិ

ទូច ស៊ុននិច ថានឹកទឹកដីអង្គរ ថ្ងៃណា​មួយនឹងមកលេងមាតុភូមិ

សរអា ៖ តារាចម្រៀងទូច ស៊ុននិច ដែលរងគ្រោះដោយការបាញ់ប្រហារ ហើយ​សព្វថ្ងៃស្ថិតក្នុងពិការភាព និងកំពុងរស់នៅ​លើទឹកដីសហរដ្ឋអាមេរិក នោះ បានទម្លាយពី​អារម្មណ៍ពិតរបស់នាង ថានាងមានការនឹក​រលឹកទឹកដីអង្គរ ដែនដីសុវណ្ណភូមិខ្មែរ ដែលជា​មាតុភូមិរបស់នាងជានិច្ច ហើយនាងរំពឹងថា ថ្ងៃណាមួយនាងនឹងវិលមកមាតុភូមិវិញ ហើយ ​នឹងទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ ដែលនាងមានការស្ញប់ស្ញែងនិងមានមោទនភាពខ្លាំងណាស់ ចំពោះសំណង់ប្រាសាទបុរាណដ៏អច្ឆរិយរបស់ដូនតាខ្មែរ។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កញ្ញាទូច ស៊ុននិច បានបង្ហោះរូបថតអនុស្សាវរីយ៍កាលពីជិត ២០ឆ្នាំមុន ដែលនាងបានទៅច្រៀងសម្តែងការប្រគំតន្ត្រីនៅខេត្តសៀមរាប ហើយ នាងនិងក្រុមគ្រួសារ បានឆ្លៀតដើរទស្សនាកម្សាន្តនៅប្រាសាទបុរាណខ្មែរ នាទឹកដីអង្គរ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង ជាមួយសំណេរថា “រូបថតអនុស្សាវរីយ៍កាលពី ឆ្នាំ២០០២ ពេលដែលនាងខ្ញុំទៅ Concert នៅខេត្តសៀមរាប ហើយឆ្លៀតពេលក្រុមគ្រួសារខ្ញុំ មានលោកប៉ា អ្នកម៉ាក់ ប្អូនប្រុស និងនាងខ្ញុំ បានទៅទស្សនាកម្សាន្តនៅតាមប្រាសាទបុរាណ ដ៏អច្ឆរិយ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរយើង បន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ ការពារថែរក្សាជាដួងព្រលឹងជាតិ។

នាងខ្ញុំមានការស្ញប់ស្ញែងនិងមានមោទនភាពខ្លាំងណាស់ ចំពោះសំណង់ប្រាសាទបុរាណដ៏អច្ឆរិយ របស់ដូនតាខ្មែរ។ នាងខ្ញុំស្រលាញ់ និងនឹករលឹកទៅដល់ទឹកដីសុវណ្ណភូមិខ្មែរ ជានិច្ច ហើយថ្ងៃ ណាមួយ នាងខ្ញុំនឹងទៅគោរពសក្ការៈ និងបានដើរទស្សនានៅតាមប្រាសាទបុរាណដ៏អច្ឆរិយ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរយើង វិញទៀត ជាក់ជាមិនខាន”។

គួររំលឹកថា តារាចម្រៀងអភ័ព្វ កញ្ញាទូច ស៊ុននិច ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីថ្ងៃទី២១ តុលា ឆ្នាំ២០០៣ នៅមុខហាងលក់ផ្កាមួយកន្លែង ស្ថិតនៅផ្លូវមុនីរ៉េត ខាងកើតផ្សារដើមគ រាជធានីភ្នំពេញ បណ្តាលឱ្យ នាងនិងម្តាយរងរបួសធ្ងន់ ហើយបន្ទាប់មក ម្តាយនាងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។ ចំណែករូបនាងត្រូវបាន បញ្ជូនទៅព្យាបាលបន្តនៅប្រទេសថៃ និងបន្តទៅសហរដ្ឋអាមេរិក រហូតមកដល់សព្វថ្ងៃ។

ចំពោះស្ថានភាពរបស់កញ្ញាទូច ស៊ុននិច មកដល់សព្វថ្ងៃនេះ ទោះបីនាងបានរួចរស់ជីវិត ពីការបាញ់ប្រហារពីខ្មាន់កាំភ្លើងដ៏ឃោរឃៅនោះក៏ដោយ តែបច្ចុប្បន្ននាងនៅតែស្ថិតក្នុង ពិការភាពមួយកំណាត់ខ្លួន មិនខុសពីតារាចម្រៀងរងគ្រោះ ដយការបាញ់ប្រហារមួយរូបទៀត គឺកញ្ញាពៅ បញ្ញាពេជ្រ នោះទេ ដោយនៅតែលើរទេះរុញ មិនអាចដើរបាននៅឡើយ តែនាង នៅតែអាចច្រៀងបានពីរោះដូចដើម គ្រាន់តែឆាប់ហត់បន្តិច។

ទោះជាយ៉ាងណា ជនរួមជាតិខ្មែរទូទៅ ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសអ្នកនិយមគាំទ្រទឹកដមសំឡេងរបស់អតីតអ្នកចម្រៀងបញ្ញវន្ត (អតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ) រូបនេះ តែងបួងសួងដល់វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជួយឱ្យនាងបានជាសះស្បើយដូចដើមឡើងវិញ ហើយសង្ឃឹមថា នៅថ្ងៃណាមួយ នាងនឹងអាចឡើងច្រៀងសម្តែងលើឆាក ដូចមុនឆ្នាំ២០០៣ ជាមិនខាន៕

RELATED ARTICLES