ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលបានចុះចាប់ត្រីនៅក្នុងស្រះមួយកន្លែង ដោយពុំបានដឹងថានៅលើខ្នងស្រះ មានដាក់ខ្សែលួសភ្ជាប់ចរន្តអគ្គិសនី លុះក្រោយពីដឹងថា មានមនុស្សស្លាប់ដោយសារឆក់នឹងខ្សែលួចរបស់ខ្លួន ជនសង្ស័យជាម្ចាស់ស្រះក៏បានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រះត្រី របស់ឈ្មោះអ៊ុន ថេ ចុងព្រែកស៊្រន ស្ថិតក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ។

មន្ត្រីនគរបាលស្រុកកោះធំ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះពក ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ឡានតាក់ស៊ី មានលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ។ ចំណែកជនសង្ស័យជាម្ចាស់ស្រះ មានឈ្មោះអ៊ុន ថេ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ (ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល)។ វត្ថុតាងចាប់យកមាន អាគុយម៉ាក BBC ពណ៌ខ្មៅ៧០អំពែរ ចំនួន១គ្រាប់ អាំងវ៉ិចទ័របំលែងភ្លើងអាគុយ ចំនួន១គ្រឿង ខ្សែលួសប្រវែង៤០ម៉ែត្រ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានចេញពីផ្ទះដើម្បីទៅមើលគេបូមទឹកដាក់ស្រូវក្នុងគោលបំណងទៅចាប់ត្រី លុះទៅដល់ចំណុចដីស្រែស្រូវ ជនរងគ្រោះបានយកភ្លើងហ្វាពីឈ្មោះហេង ណេង ដោយប្រាប់ហេង ណេង ថា ទៅចាប់ត្រី។ លុះបានមួយសន្ទុះក្រោយ មកក៏ឮសូរសម្រែកឈ្មោះ ពក ជឿន ស្រែកថាជួយផង។

ភ្លាមនោះ ឈ្មោះផល ភាព និងឈ្មោះហេង ណេង ក៏រត់សំដៅទៅកន្លែងកើតហេតុ ឃើញជនរងគ្រោះដួលប៉ះនឹងខ្សែលួសដែលឈ្មោះអ៊ុន ថេ រាយឆក់ការពារកុំឱ្យគេចូលលួចចាប់ត្រី ភ្លាមនោះផល ភាព និងហេង ណេង បានយកឈើទៅកៀសខ្សែលួសចេញដើម្បីជួយជនរងគ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏យកសាកសពជនរងគ្រោះមកផ្ទះ រួចរាយការណ៍ជូនអាជ្ញាធរ និងរាយការណ៍បន្តមកអធិការដ្ឋាននគរបាលស្រុក។
ក្រោយពីបានទទួលបញ្ជាពីលោកអធិការ ផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា សាកសពមានស្នាមឆេះខ្មៅនៅលើមុខខាងឆ្វេងប្រវែង១០សង់ទីម៉ែត្រ ស្នាមឆេះលើកំភួនដៃខាងស្តាំប្រវែង១១សង់ទីម៉ែត្រ ស្នាមឆេះលើម្រាមដៃស្តាំចំនួន ៤ម្រាម និងស្នាមឆេះលើមេដៃខាងឆ្វេងប្រវែង២សង់ទីម៉ែត្រ។ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីផ្សេងគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារត្រូវចរន្តភ្លើងឆក់ដែលឈ្មោះអ៊ុន ថេ រាយការពារផលប្រយោជន៍របស់ខ្លួន បណ្តាលឱ្យស្លាប់អ្នកដទៃ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕