ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃ អធិការដ្ឋានក្រុងសំរោង សហការនឹងកម្លាំងរបស់អធិការដ្ឋានស្រុកអន្លង់វែង ចាប់ឃាត់ខ្លួនពីបទលួច បន្ទាប់ពីជនសង្ស័យម្នាក់នេះ ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ហើយរត់គេច ខ្លួនអស់ជាង១០ថ្ងៃរួចមក។

បើតាមសមត្ថកិច្ចឱ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើងក្រោមការដឹកនាំបញ្ជា របស់លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវរកឃើញ ក្រោយពេល ដែលជននេះធ្វើសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិឈូក សង្កាត់សំរោង ក្រុងសំរោង។
ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា ជនសង្ស័យដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនពី បទអំពើលួចនេះ មានឈ្មោះខាំ រ៉ាវី ហៅផ្លែង រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង ចាប់បាននៅតាមផ្លូវក្រួសក្រហម ក្នុងភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ ក្នុងពេលឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូមួយ គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន ៩១០៨០៤២ ពាក់ស្លាកលេខ សៀមរាប 1R-9055។

សមត្ថកិច្ចឱ្យដឹងដែរថា ក្រោយពេលធ្វើសកម្មភាពហើយគេចខ្លួន ជនរងគ្រោះក៏បានរាយការណ៍មកសមត្ថកិច្ច ទើបបើកប្រតិបត្តិការកំណត់មុខសញ្ញា និងស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនបានតែម្តង។ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាននាំយកមកកាន់អធិការដ្ឋានក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងបន្តនីតិវិធី៕