ខេត្តបន្ទាយមានជ័យ ៖ សាកសពបុរសម្នាក់ត្រូវបានប្រទះឃើញស្ថិតក្នុងសភាពក្រៀមស្វិតអស់ សល់តែស្បែកនិងគ្រោងឆ្អឹងប៉ុណ្ណោះ នៅក្នុងគុម្ពោតព្រៃមួយកន្លែង ធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចទល់មុខការ៉ាស់សាំង ខាងកើតបុរី ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីមន្ត្រីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា ក្រោយពីទទួលព័ត៌មានហើយ កម្លាំងជំនាញបានចុះទៅពិនិត្យឃើញសាកសពដែលត្រូវបានប្រទះឃើញនៅគុម្ពោតព្រៃទីតាំងខាងលើ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៥ ប្រមាណជា២៥ម៉ែត្រ គឺសភាពស្វិតអស់ សល់តែស្បែកជាប់គ្រោងឆ្អឹង និងរលេះរលួយស្ទើរតែអស់ទៅហើយ។
មន្ត្រីនគរបាលជំនាញ បានបញ្ជាក់ថា សាកសពដែលត្រូវបានប្រទះឃើញខាងលើនេះ គឺជាបុរសដែលមានអាយុប្រហែល៣០ឆ្នាំ ហើយបើតាមការពិនិត្យ និងសន្និដ្ឋានជំហានដំបូងថា ជាមនុស្សវិកលចរិត ឬសតិមិនគ្រប់ ដែលអាចថាបានដេកបាត់បង់ជីវិតក្បែរគុម្ពោតព្រៃ ហើយជនរងគ្រោះរូបនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

មន្ត្រីនគរបាល បញ្ជាក់ទៀតថា ក្រោយពេលពិនិត្យសពរួចហើយ ត្រូវបានជំនាញបានប្រគល់ជូនលោកនួន នីគីដា ដែលមានចិត្តធម៌ បានរៀបចំវេចខ្ចប់សាកសពជនរងគ្រោះ រួចដាក់តាមរថយន្តយកទៅវត្ត ស្ថិតភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីបូជាតែម្តង៕