ក្រោយពីមិនអាចបិទបាំងមុខប្ដីតទៅទៀតបាន ឌុច លីដា ម្ដងហើយម្ដងទៀតបានចេញមុខសរសើរប្ដីរបស់នាងជាបន្ដបន្ទាប់ថា លោកជាអ្នកធ្វើឲ្យនាងប្លែកពីធម្មតា តាំងពីចាប់ដៃមន្រ្ដីរាជការនោះ រយៈពេលជាង១ឆ្នាំមក។

គូស្នេហ៍តារាជាច្រើនបានងាកមកចាប់អារម្មណ៍ទៅលើលីដា នៅពេលនេះថា នាងហាក់ដូចជាដល់ត្រើយសុខសាន្ដត្រានទៅហើយ ព្រោះថា បុរសជាស្វាមីរបស់នាង គឺប្រៀបបានដូចជាប្ដីដែលក្នុងសុបិន នាងចង់បានពីមុន ហើយពេលនេះបានក្លាយទៅជាការពិតទៅហើយ។

ទោះជាយ៉ាងណា តារាកូន១ ឌុច លីដា មិននិយាយដល់រឿងដែលគេថា នាងរៀបការបែបលាក់លៀម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នោះទេ។

ឌុច លីដា បានសាងស្នេហាជាសម្ងាត់ជាមួយបុរសវ័យចំណាស់ម្នាក់ ដែលនាងបង្ហើបថា ជាមន្រ្ដីរាជការ រហូតដល់សម្រាលកូនបានជិត១ឆ្នាំ ទើបនាងរៀបការ ដោយមិនហ៊ានធ្វើបើកចំហដូចគូស្នេហ៍ដទៃទៀតឡើយ។ ប៉ុន្ដែការដែលលីដា សម្រេចចិត្តព្រមបង្ហាញមុខប្ដីនៅពេលនេះ ធ្វើឲ្យនាងស្រាលខ្លួនទៅវិញ ចំពោះរឿងដែលគេសង្ស័យថា ប្ដីនាងមិនមែនជាបុរសនៅលីវនោះ។

លីដា ធ្លាប់និយាយថា រឿងរៀបការមិនមែនជាអ្វីដែលនាងគិតថា សំខាន់បំផុតក្នុងជីវិតរបស់នាងឡើយ ព្រោះតែនាងគិតថា ការចាប់ដៃគ្នាសំខាន់ ថាតើមនុស្ស២នាក់ អាចកាន់ដៃគ្នាទៅមុខបានឬអត់ ជាជាងការរៀបការហើយ បែកគ្នា។

ក្រោយសម្រាកូនប្រុសជិត១ឆ្នាំនេះ ឌុច លីដា មិនទាន់ទទួលការថតសម្ដែងពេញទំហឹងដូចមុនទេ បើទោះជានាងថា ស្វាមីមិនបិទសិទ្ធិសេរីភាពក្នុងការលេងសិល្បៈក្ដី ប៉ុន្ដែនាងធ្លាប់និយាយថា អាចផ្ដោតលើការមើលថែកូន និងធ្វើជាស្រី្ដមេផ្ទះច្រើនជាងសិល្បៈ ក្រោយក្លាយទៅជាប្រពន្ធនិងម្ដាយរបស់គេនេះ៕
