ខេត្តកំពង់ឆ្នាំង ៖ បង្គោលភ្លើង១ដើម ព្រោះតែពុកផុយ គ្មានការត្រួតពិនិត្យត្រឹមត្រូវ ក៏រលំបាក់មកដី ធ្វើឱ្យខ្សែភ្លើងធ្លាក់រាយប៉ាយកាត់ទទឹងផ្លូវ បណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូឆ្លងកាត់ មើលអត់ឃើញ ក៏ទាក់ត្រូវបំពង់កបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។
បុរសរងគ្រោះ ដែលជិះម៉ូតូទាក់កជាមួយនឹងខ្សែភ្លើង បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះមាន សុផៃ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿងមានគ្នាពីរនាក់ លុះជិះដល់ផ្លូវក្នុងភូមិ ក៏ស្រាប់តែត្រូវខ្សែភ្លើងទាក់ក បណ្តាលឱ្យផ្ងារក្រោយធ្លាក់ពីលើម៉ូតូ រងរបួសត្រង់កយ៉ាងធ្ងន់ តែសំណាងល្អ ខ្សែភ្លើងនោះបានទាក់កពីចំហៀង ប្រសិនបើទាក់ចំបំពង់ខ្យល់វិញ ប្រហែលជាគាត់មិនសល់ជីវិតនោះឡើយ។
ក្រោយពេលកើតហេតុ មិត្តភក្តិបានដឹកជនរងគ្រោះទៅព្យាបាលនៅផ្ទះគ្រូពេទ្យឯកជន ក្នុងភូមិភ្លាមៗដែរ មកដល់ពេលនេះ មុខរបួសរបស់ជនរងគ្រោះនៅឈឺយ៉ាងខ្លាំង ដោយងាកកមិនរួច។
ជនរងគ្រោះបានបញ្ជាក់ថា ករណីខាងលើនេះបណ្តាលមកពីអ្នកប្រើប្រាស់ភ្លើងក្នុងភូមិ ដាំបង្គោលឫស្សីតូចៗ ហើយបង្គោលខ្លះពុកផុយទៀតផង និងមិនមានការមើលថែឱ្យបានត្រឹមត្រូវ ជាហេតុនាំបាក់បង្គោលធ្លាក់ខ្សែលើផ្លូវ។ ជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាន បានអំពាវនាវដល់អ្នកប្រើប្រាស់ភ្លើង ពេលតខ្សែភ្លើងចូលផ្ទះសូមមេត្តាប្រើបង្គោលឱ្យបានរឹងមាំ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា កុំឱ្យមានគ្រោះថ្នាក់ដូចខាងលើនេះ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីខាងលើនេះ ប្រសិនបើជនរងគ្រោះប្តឹងផ្តល់នោះ អ្នកដាំបង្គោលភ្លើង ពិតជាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាក់ជាមិនខានឡើយ។ ប៉ុន្តែជនរងគ្រោះ បញ្ជាក់ថា ខ្លួនមិនចង់វែងឆ្ងាយនោះទេ គឺគ្រាន់តែសំណូមពរដល់ប្រជាពលរដ្ឋ គិតដល់សុវត្ថិភាពអ្នកផ្សេង នៅពេលតភ្លើងប្រើប្រាស់៕