ភ្នំពេញ ៖ រថយន្តស៊េរីទំនើប ម៉ាក Chevrolet ១គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ កំពុងតែបើកបរមកដល់ចំណុចផ្លូវបំបែកជា៤ ឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែត្រូវរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង បើកបោះពួយក្នុងល្បឿនលឿន ជ្រុលមកបុកពេញមួយទំហឹង បណ្តាលឱ្យក្រពឹតទ្វារមួយចំហៀង និងសំណាងល្អ មិនបានបង្កឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ប៉ុន្តែត្រូវភាគីខាងរថយន្តទំនើប ទាមទារសំណងថ្លៃជួសជុលរថយន្ត ចំនួន២៥០០០ដុល្លារ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ១០៨ កែងផ្លូវ០៩ ខាងលិចផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កហេតុ ជារថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធិមុនី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-6980។ ចំណែកឯរថយន្តស៊េរីទំនើបដែលរងការខូចខាតនោះ ម៉ាក Chevrolet ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-2955។

ប្រភពដែល បន្តថា មុនពេលកើតហេតុ រថយន្តស៊េរីទំនើប ម៉ាក Cherovlet បានធ្វើដំណើរតាមផ្លូវលេខ០៩ ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងកាត់សួនច្បារផ្សារចាស់ ជិតផុតទៅហើយ ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធិមុនី បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន តាមផ្លូវលេខ១០៨ ក្នុងទិសដៅពីលិចទៅកើត រួចក៏ជ្រុលមកបុកចំទ្វារផ្នែកខាងឆ្វេង ដែលជាកន្លែងអ្នកបើកបរ បណ្តាលឱ្យក្រពឹតអស់មួយចំហៀង និងបែកកញ្ចក់ រងការខូចខាតយ៉ាងដំណំ។

ប្រភពដដែល បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តស៊េរីទំនើបនេះ គឺកើតឡើងដោយសារតែអ្នកបើកបររថយន្តក្រុង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ប៉ុន្តែមិនបានបង្កឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចយករថយន្តទាំង ២គ្រឿង ខាងលើ ទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នា ដោយភាគីម្ចាស់រថយន្តស៊េរីទំនើប ដែលរងការខូចខាតអស់មួយចំហៀងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរនោះ បានទាមទារសំណងជួសជុលពីភាគីរថយន្តក្រុងដឹកអ្នកដំណើរ ចំនួន២៥០០០ដុល្លារ ប៉ុន្តែការចរចាមិនត្រូវគ្នាឡើយ ទើបសមត្ថកិច្ច សម្រេចបញ្ជូនរថយន្តទាំង ២គ្រឿងនេះ បន្តទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្ត៕

