ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថចាប់វ៉ៃខ្នោះ យកទៅចាត់ការតាមច្បាប់ពីបទលួច បន្ទាប់ពីជននេះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច រួចរត់គេចខ្លួន ហើយជនរងគ្រោះប្តឹងសមត្ថកិច្ចស្រាវជ្រាវរក។
ជនសង្ស័យក្នុងករណីលួច ដែលត្រូវឃាត់ខ្លួនបាននេះ មានឈ្មោះ កែវ គា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះប៉ែន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងថា “កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨ព្រឹក ប្អូនប្រុសឈ្មោះប៉ែន ឆៃណាម ភេទប្រុស អាយុ២០ឆ្នាំ បានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-9785 ជិះទៅដើរលេង ដោយបាត់យូរពេក ខ្លួនក៏ទូរស័ព្ទទៅប្អូន តែទាក់ទងមិនបាន។
រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ទើបប្អូនប្រុសរបស់ខ្លួន ប្រាប់ថា ម៉ូតូត្រូវបានគេលួចបាត់ហើយ” ទើប ឈ្មោះប៉ែន ឆៃណា ក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត តែម្តង។

លោកមេបញ្ជាការឱ្យដឹងដែរថា ក្រោយពីទទួលបានពាក្យបណ្តឹង លោកក៏បានចាត់តាំង កម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ នៅចំណុចម្តុំសាលាពីរជាន់ ស្ថិតក្នុង ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតម៉ូតូ១គ្រឿង ជារបស់ជនរងគ្រោះ ដូចមានភិនភាគក្នុងពាក្យ បណ្តឹង រួចបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើ ប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព រួមនឹងមានវត្ថុតាង និងតាមរយៈធ្វើតេស្តទឹក នោមរកសារធាតុញៀនវិជ្ជមាន ទើបកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ចាត់ការបន្ត។ ជនសង្ស័យត្រូវបាន កម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចំណែកម៉ូតូ ត្រូវបាន សមត្ថកិច្ចក្រុងប៉ោយប៉ែត ប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕