ខេត្តតាកែវ ៖ ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះឈើ ប្រក់ដំបូលសង្ក័សី និងបាំងជញ្ជាំងសង្ក័សី មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះកង ថា ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះមែន សុខ អាយុ៤៣ឆ្នាំ សព្វថ្ងៃមានលំនៅក្នុងភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់។
បន្ទាប់ពីទទួលបានព័ត៌មានថា មានហេតុការណ៍អគ្គិភ័យកើតឡើងនៅត្រង់ចំណុចខាងលើ កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាមអណ្តើក បានចុះដល់កន្លែងកើតហេតុភ្លាមៗ និងបានសហការជាមួយនឹងប្រជាពលរដ្ឋពន្លត់ភ្លើងរហូតដល់រលត់ទៅវិញអស់ទាំងស្រុង ប៉ុន្តែផ្ទះទាំងមូលត្រូវក្លាយជាចំណីភ្លើងអស់គ្មានសល់ឡើយ។

ដោយឡែក តាមការបញ្ជាក់ឱ្យដឹង ពីជនរងគ្រោះជាម្ចាស់ផ្ទះ ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារ រួមមាន លុយខ្មែរចំនួន ២០ម៉ឺនរៀល អង្ករចំនួន១០០គីឡូក្រាម ចិញ្ចៀនផ្លាកទីនចំនួន១ជី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៣សន្លឹក។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ហេតុការណ៍អគ្គិភ័យខាងលើនេះ បង្កឡើងដោយសារមូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង៕