ភ្នំពេញ ៖ កញ្ញាអាណា រ៉ូស ដែលល្បីឈ្មោះជាតារាស្រីនិយមចូលចិត្តភាពសិចស៊ី ជាពិសេសធ្លាប់ផ្ទុះទំនាស់ជាមួយតារាសម្តែងប្រុសម្នាក់ រឿងថតសម្តែងកាយវិការចម្រៀង បន្លំបឺតមាត់នាងនោះ ពេលនេះតារាស្រីរូបស្រស់នេះ បានប្រកាសរកជាងគំនូរ គូររូបស្រាតរបស់នាង ដូចតួឯកស្រីនៅក្នុងរឿង “ទីតានិក»។

កញ្ញាអាណា រ៉ូស អាយុ ២៧ឆ្នាំ បានបង្ហោះក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នូវរូបថតរបស់នាង និងរូបតារាសម្តែង ខេត វីនស្លេត (Kate Winslet) ដែលជាតួឯកស្រីរឿង «ទីតានិក» (Titanic) ក្នុងឈុតដែលនាងដេកស្រាត ឲ្យតួឯកប្រុសគូររូបឲ្យនោះ ជាមួយសំណេរថា «ត្រូវការជ្រើសរើសជាងគំនូរ … ជាងគំនូរនៅណា? រកជាងគំនូរមិនទាន់បានសោះ!…»។

កញ្ញាអាណា រ៉ូស បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា ការប្រកាសរបស់នាងខាងលើ មិនមែនជាការលេងសើចឲ្យគេចាប់អារម្មណ៍នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក នោះទេ គឺនាងពិតជាត្រូវការជាងគំនូរ មកគូររូបស្រាតរបស់នាងដូចតូឯកស្រីនៅក្នុងរឿង “ទីតានិក” មែន ដើម្បីបញ្ជាក់ថា នៅកម្ពុជា ក៏មានរ៉ូស របស់កម្ពុជាដែរ ប៉ុន្តែជាងគំនូរប្រុសនោះ ត្រូវតែមានរូបរាងស្រស់សង្ហា និងមានវ័យ២១ឆ្នាំជាង។

កញ្ញាអាណា រ៉ូស បានបញ្ជាក់យ៉ាងដូច្នេះថា “ចា! និយាយទៅ ស្រលាញ់តួស្រីនៅក្នុងរឿងហ្នឹង ហើយចង់ឲ្យគូររូបដូចតួស្រីនៅក្នុងរឿងហ្នឹង ប៉ុន្តែជារូបពិត ក្រៅការសម្ដែង មិនមែននៅក្នុងការសម្ដែងទេ ដោយសារឈ្មោះតួឯកស្រី នៅក្នុងរឿងហ្នឹង ឈ្មោះដូចខ្ញុំ គឺរ៉ូស (Rose) ដូចគ្នា ធ្វើឲ្យខ្ញុំពេញចិត្ត Style បែបហ្នឹងដូចគ្នាដែរ។ ដូច្នេះខ្ញុំមិនខ្លាចឲ្យគេគូររូបស្រាត បង្ហាញរូបរាងធម្មជាតិបែបហ្នឹងទេ ពីព្រោះខ្ញុំស្រឡាញ់ ទើបចង់ឲ្យគេគូររូបខ្ញុំបែបហ្នឹង។

ប៉ុន្តែមកដល់ពេលនេះ ខ្ញុំរកជាងគំនូរមិនទាន់បានទេ កំពុងដើររកជាងគំនូរ គឺរកអ្នកដែលពូកែគូរ បើមិនដូចនៅក្នុងរឿង «ទីតានិក”ហ្នឹង បានត្រឹមប្រហាក់ប្រហែលក៏បានដែរ តែការដែលរកជាងគំនូរ មិនទាន់ឃើញនេះ ដោយសារខ្លាចទឹកដៃអត់ល្អ ខ្លាចគូរមិនបានស្អាត គឺបើមិនបានដូច គឺបានប្រហាក់ប្រហែល ៨០%ដែរ។ អ្វីដែលសំខាន់នោះ ដោយតួប្រុស គូររូបនៅក្នុងរឿង”ទីតានិក” នោះ មានអាយុ២០ឆ្នាំ ដូច្នេះជាងគំនូរដែលមកគូររូបស្រាតរបស់ខ្ញុំ ត្រូវតែមានវ័យជាង ២០ឆ្នាំ ឬដល់អាយុ ២៨ឆ្នាំ ហើយត្រូវតែមានរូបរាងសង្ហា ស្អាត គួរឲ្យទាក់ទាញដូចតួឯកប្រុស»។

អាណា រ៉ូស បន្តថា «ការដែលខ្ញុំរកជាងគំនូរ មកគូររូបនេះ ខ្ញុំចង់ដាក់តាំងបង្ហាញជាសាធារណៈ ដើម្បីឲ្យគេបានដឹងថា ស្នាដៃកូនខ្មែរ ក៏បានដែរ គឺគូររូបរ៉ូស ខ្មែរបាន ដូចនៅក្នុងរឿង “ទីតានិក” អ៊ីចឹង ហើយខ្ញុំនឹងឲ្យតម្លៃ ឬប្រាក់កម្រៃ ទៅជាងគំនូរ ទៅតាមហ្នឹង។ និយាយទៅ រឿងគូរគំនូរហ្នឹង ខ្ញុំគ្រាន់តែចង់ឲ្យដឹងថា នៅខ្មែរយើង ក៏មានរ៉ូស ដែរ ហើយអត្តចរិតស្រដៀងនឹងរ៉ូស នៅក្នុងរឿង «ទីតានិក” ហ្នឹងអ៊ីចឹង គឺលះ ហ៊ានឲ្យគេគូរគំនូរឲ្យដែរ។ ហើយកន្លងមក ក្នុងនាមរ៉ូស ខ្មែរ ខ្ញុំធ្លាប់ថតជារូបភាពចោមពុង ដូចតួស្រីដែរ តែអត់មានរូបភាពនៅលើកប៉ាល់ លើអីទេ និងអត់ទាន់បានគូរទេ ដោយសាររកវិចិត្រករមិនទាន់បាន»។

ជុំវិញការការប្រកាសរកជាងគំនូរ គូររូបស្រាតដូចតួឯកស្រី «ទីតានិក” របស់កញ្ញាអាណា រ៉ូស ខាងលើនេះ មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រនាងមានការចាប់អារម្មណ៍ប៉ុណ្ណោះទេ សូម្បីតែអ្នកសិល្បៈដូចគ្នា ក៏មានការចាប់អារម្មណ៍ដែរ។

លោកអ៊ឹម ជីវ៉ា ជាសិល្បករល្បីឈ្មោះម្នាក់ បានសរសេរ Comment ប្រាប់ទៅកញ្ញាអាណា រ៉ូស ថា “ជាងគំនូរនៅវត្ត កំពុងគូររូបប្រេត លើជញ្ជាំងវិហារ សួររកគាត់មានការអីស្រីរ៉ូស??» ។

លោកអ៊ឹម ជីវ៉ា បានសរសេរបន្ថែមថា “រ៉ូស ទៅខាងជើងសារមន្ទីរ ខ្វះអីជាងគំនូរ ! បើរ៉ូស ចង់គូររូបដូចនៅក្នុងរឿង My heart will go on ក្បែរសារមន្ទីរ មានសណ្ឋាគារតើ! ហើយបើចង់គូរលើទូក ហៅជាងគំនូរ ដើរពីសារមន្ទីរ ទៅមាត់ទន្លេតិច មានទូកជួលហើយ ជិះម្តងតែ ៥០០០រៀលហ្នឹង យល់នៅ រ៉ូស!»។

លោកអ៊ឹម ជីវ៉ា បានសរសេរបន្ថែមទៀតថា “ ប្អូនរ៉ូស ប្អូនរមួលក្រពើមែនអូន? បងមើលអូនយូៗទៅ ឃើញប្អូនដូចប្លែកៗម៉េចទេ បងអាណិតអូនណាស់ ! ប្អូនរ៉ូស ទៅយកយ័ន្តកាត់ឆុងនៅអូន???? គេចែក free នៅខណ្ឌសែនសុខ ប្អូនមានបានទៅយកអត់??»៕
