Tuesday, July 15, 2025
Homeតារាខ្មែរអ្នកនាងពេជ្រ សោភា ថានឹងបញ្ចេញឲ្យអស់ នៅពេលមានឱកាសល្អ

អ្នកនាងពេជ្រ សោភា ថានឹងបញ្ចេញឲ្យអស់ នៅពេលមានឱកាសល្អ

ពេជ្រ​ សោភា បានប្រឈមភាពស្ងប់ស្ងាត់កាន់តែខ្លាំង នៅពេលដែលបទចម្រៀងរបស់នាងត្រូវជាប់គាំងជាច្រើនខែ ចេញមិនរួច ទើបធ្វើឲ្យតារាដែលជ្រកនៅហង្សមាស ជាង១៥ឆ្នាំរូបនេះ ប្រឈមការពិបាករក្សាតំណែងជាតារាចម្រៀងឈរក្នុងចំណោមអ្នកចម្រៀងស្រីឈានមុខគេតទៅទៀតបាន ហើយថែមទាំងអាចជួបរឿងហានិភ័យធ្លាក់ចុះវិញទៀតផង ប្រសិនបើមិនប្ដូរយុទ្ធសាស្រ្ដថ្មីនោះទេ។

អ្នកតាមដានសកម្មភាពតារាចម្រៀងពេជ្រ សោភា បានឲ្យដឹងថា តារាហង្សមាស រូបនេះ គ្មានបទថ្មីៗចេញជាង១ឆ្នាំមកហើយ ពោលគឺតាំងពីផ្ទុះកូវីដ-១៩មកម្ល៉េះ ដែលធ្វើឲ្យនាងនៅទ្រឹង ខណៈដែលតារាចម្រៀងស្រីរួមដំបូល កញ្ញារ៉េត ស៊ូហ្សាណា បែរជាហក់ឡើង ស្របពេលដែលកញ្ញាតន់ ច័ន្ទសីម៉ា នៅ Galaxy វិញ បទចម្រៀងនាងចេញស្ទើររៀងរាល់ថ្ងៃតែម្ដង ដែលហាក់ដូចជាការព្រមានទីផ្សារតារាចម្រៀងទាំងឡាយ ឲ្យពិបាកទប់ទល់ជាមួយនាងតែម្ដង។

យ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ អ្នកនាងពេជ្រ សោភា ថានាងមិនប្ដូរចិត្ត ឬធ្វើអ្វីទៅតាមការនឹកឃើញនោះទេ ពោលគឺនៅពេលនេះនាងនៅតែគិតថា មិនអាចចេញបទចម្រៀងថ្មីៗបុកលើទីផ្សារបានឡើយ។

សោភា វាចាថា អ្នកដែលចេញបទចម្រៀងលើទីផ្សារនៅពេលនេះ សូមឲ្យអ្នកយកព័ត៌មានយើងពិនិត្យមើល ហើយវាយតម្លៃទៅចុះ តែនាងសូមមិនធ្វើអត្ថាធិប្បាយទេ។ នាងប្រាប់ថា មូលហេតុដែលនាងមិនចេញបទចម្រៀង ដោយសារតែមានហេតុផលរបស់នាង ហើយពេលនេះបទចម្រៀងមាននៅក្នុងដៃដែលធ្វើរួចហើយ ប៉ុន្ដែនាងថា បទទាំងនោះអាចបញ្ចេញមកបាន គឺនៅពេលមានឱកាស មិនមែននៅពេលនេះទេ។

ការតាំងចិត្តបែបនេះរបស់ពេជ្រ សោភា គឺដូចកាលនៅពាក់កណ្ដាលឆ្នាំ២០២០ ដែរ ដែលសោភា ថា បើមានបទផ្ទុះនៅពេលនេះ មិនដឹងថា យកទៅច្រៀងសម្ដែងនៅក្នុងកម្មវិធីប្រគំតន្ត្រីណាទេ ព្រោះតែនៅតាមខេត្ត គេមិនទាន់បើកដំណើរការឡើងវិញ ហេតុនេះហើយនាងថា ចេញទៅអត់ប្រយោជន៍ អីចឹងនាងសុខចិត្តស្ងាត់មួយរយៈសិនចុះ ទម្រាំស្ងាត់កូវីដ-១៩ ទើបចាប់ផ្ដើមសាជាថ្មីឡើងវិញ។

ទោះជាពេជ្រ សោភា មិនសូវមានបទចម្រៀងល្បីនៅចុងក្រោយក្ដី តែតម្លៃខ្លួនរបស់តារាជើងចាស់នៅហង្សមាស រូបនេះ នៅតែស៊ីថ្លៃដូចមុនដដែល ពោលគឺច្រៀង១កម្មវិធី ស៊ីថ្លៃ៣០០០ដុល្លារ នៅតាមខេត្ត និងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ ស៊ីថ្លៃ១០០០ដុល្លារឡើង ដែលតម្លៃនេះស្ថិតក្នុងលំដាប់តារា Grade A នាពេលបច្ចុប្បន្ន៕                           ហ៊ឹម វិចិត្រ

RELATED ARTICLES