ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញាជាមេខ្យល់នាំមនុស្សឆ្លងដែនទៅប្រទេសថៃ ១នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះប៉ិក ឌត ឬប៉ិក ដូត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក។ ជននេះត្រូវបានកម្លាំងយោធាការពារព្រំដែនគោក វរសេនាតូច លេខ៥០៣ ល្បាតប្រទះឃើញកំពុងនាំពលករខ្មែរប្រុស-ស្រី ចំនួន ១១នាក់ ក្នុងនោះក្មេងតូចអាយុ ៣ខែ ម្នាក់លួចឆ្លងដែននៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក និងបានធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ។ ចំណែកពលករប្រុសស្រីទាំង ១១នាក់ ក្នុងនោះក្មេងប្រុសតូច ១នាក់ ត្រូវបាននាំទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសំចត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះប៉ិក ឌត ឬប៉ិក ដូត បានសារភាពថា ខ្លួននិងបក្សពួកចំនួន ២នាក់ទៀត រត់គេចខ្លួនបាត់ មានឈ្មោះ ឡុំ ភេទប្រុសនិងឈ្មោះថា ភេទប្រុស ពិតជាបានធ្វើសកម្មភាពនាំមនុស្ស ចំនួន ១១នាក់ ទាំងក្មេងប្រុសតូច ១នាក់ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ នោះប្រាកដមែន ដោយយកកម្រៃជូនឆ្លងដែន ក្នុងម្នាក់ ១០០បាត ពេលពួកខ្លួននាំពលករដើរទៅដល់ចំណុចតំបន់ស នៃព្រំដែន ត្រូវបានកម្លាំងយោធាខ្មែរ ឃាត់ខ្លួន ទៅមណ្ឌលសំចត អូរបីជាន់។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕