ភ្នំពេញ ៖ មុខសញ្ញាចោរឆក់យ៉ាងសកម្ម រហស្សនាម អាឆ្មា បានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស។
តាមរបាយការណ៍ពីសមត្ថកិច្ចបាន បង្ហាញថា បទល្មើសលួចមានស្ថានទម្ងន់ទោស ឆក់ខ្សែក នេះ កើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចមុខផ្ទះជួលលេខ១៤០ ផ្លូវលេខ២៧១ហ្សិត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ជនសង្ស័យមានឈ្មោះសាត សុវឌ្ឍនា រហស្សនាម អាឆ្មា ជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម ទើបត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកែប ចាប់ខ្លួនបានកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវ ក្នុងទឹកដីខេត្តកែប។ ចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះស៊ិន ដានី ភេទស្រី អាយុ២៣ឆ្នាំ ត្រូវបានជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពឆក់ខ្សែក ១ខ្សែ ខណៈចុះពីលើម៉ូតូកង់បី ហើយក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់។

រយៈពេលជាច្រើនខែក្រោយមក ទើបសមត្ថកិច្ចតាមចាប់ខ្លួនមុខសញ្ញាចោរឆក់រហស្សនាម អាឆ្មា បាននៅខេត្តកែប តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕