ខេត្តកំពង់ធំ ៖ ជារឿងដ៏គួរឱ្យអាណិតអាសូរ និងសង្វេគខ្លាំងណាស់សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលស្ត្រីជាប្រពន្ធទើបនឹងសម្រាលកូនខ្ចីបាន១៦ថ្ងៃ ស្រាប់តែបុរសជាប្តីត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងអំពើលួច បន្សល់ទុកកូន៣នាក់ ឱ្យប្រពន្ធសរសៃខ្ចីចិញ្ចឹមមើលថែ និងថែមទាំងមានម្តាយជរាវ័យ៨៤ឆ្នាំ ក្នុងបន្ទុកម្នាក់ទៀត លុះមិនអាចចេញទៅរកស៊ីឈ្នួលរកប្រាក់ទិញអង្ករច្រកឆ្នាំងបាន ទើបស្ត្រីអភ័ព្វរូបនេះបានត្រឹមទួញយំដង្ហោយសុំការជួយសង្គ្រោះពីសប្បុរសជនប៉ុណ្ណោះ។

ស្ត្រីអភ័ព្វដែលកំពុងសរសៃខ្ចី ស្រាប់តែប្តីត្រូវជាប់គុក បន្សល់ទុកកូន៣នាក់ រួមនឹងម្តាយជរា ឱ្យខ្លួនមើលថែ មានឈ្មោះប្រាក់ ចាន់ អាយុ៣៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក។

ស្ត្រីអភ័ព្វ ប្រាក់ ចាន់ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាង មានប្តីនិងមានកូនក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១) ក្នុងនោះ កូនប្រុសពៅ ទើបនឹងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ហើយក្នុងនោះ នាងក៏មានម្តាយវ័យចំណាស់ វ័យ៨៤ឆ្នាំម្នាក់ទៀត នៅក្នុងបន្ទុកផងដែរ។ កន្លងមក ក្រុមគ្រួសារនាង ធ្លាប់រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាលឯណោះ ប៉ុន្តែទើបផ្លាស់លំនៅមកសង់កូនខ្ទមកម្សត់រស់នៅកណ្តាលវាល ស្រែទីតាំងខាងលើបានប្រមាណ៥ឆ្នាំប៉ុណ្ណោះ ដោយប្រកបរបរស៊ីឈ្នួលជួលព័ទ្ធគេដើម្បីរកប្រាក់ចិញ្ចឹមជីវិត ប៉ុន្តែហាក់ក្រោកមិនផុតពីភាពក្រីក្រទាល់តែសោះ។

ស្ត្រីខាងលើ បន្តថា លុះថ្មីៗនោះ មុននឹងនាងសម្រាលកូនប្រមាណជាង១ខែ ស្រាប់តែប្តីរបស់នាង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាត់ ពាក់ព័ន្ធនឹង ករណីលួច ទុកឱ្យនាងសម្រាលកូនតែម្នាក់ឯងស្ទើរស្លាប់ស្ទើររស់ គ្មានលុយកាក់ជាប់ខ្លួនមួយរៀល ហើយសព្វថ្ងៃរស់នៅមើលថែកូនដល់ទៅ៣នាក់ និងម្តាយជរាម្នាក់ ទាំងខ្លួនសរសៃខ្ចី ចេញទៅរកស៊ីឈ្នួលអ្វីក៏មិនកើត ព្រោះតែមានកូនជាប់នឹងដៃ ណាមួយសរសៃខ្ចី ធ្វើការអ្វីធ្ងន់មិនបាន ខ្លាចទាស់សរសៃ ទើបធ្វើឱ្យជីវភាពគ្រួសារដុនដាបកាន់តែខ្លាំង រកអង្ករច្រកឆ្នាំងគ្មាន បែបនេះតែម្តង។

ស្ត្រីអភ័ព្វខាងលើ រួមនឹងម្តាយជរាវ័យ៨៤ឆ្នាំ បានលើកដៃសំពះអំពាវនាវទៅដល់សប្បុរសជន ក្រៅប្រទេស និងក្នុងប្រទេស មេត្តាជួយ ដល់ពួកគាត់ដែល កំពុងខ្វះខាតនេះផង៕
