ស្រីស្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថា នាងធ្លាប់ចេញទៅក្រៅស្រុក៣ប្រទេសមកហើយ ក្នុងនោះ មានអាមេរិក, កូរ៉េ និងថៃ ។ នាងថា ការចេញទៅអាមេរិក គឺដើម្បីច្រៀងសម្ដែងរយៈពេល២ខែ កាលពីដើមឆ្នាំ២០១៨ ចំណែកទៅកូរ៉េ ទៅច្រៀងសម្ដែងរយៈពេលខ្លី ហើយការទៅថៃ គឺទៅដើរលេងសុទ្ធសាធតែម្ដង។

ម្ចាស់បទ ”មីខ្មៅ” រូបនេះថា ក្នុងចំណោមប្រទេសទាំង៣នោះ គឺនាងពេញចិត្តការដើរលេងនៅប្រទេសថៃ ជាងគេ ព្រោះសប្បាយ និងសម្បូរអាហារញាំ ចំណែកនៅកូរ៉េ វិញ ត្រជាក់ខ្លាំង ខណៈដែលទៅអាមេរិក ២ខែ នាងមានអារម្មណ៍ថានឹកស្រុកខ្លាំងណាស់។

រ៉ាប៊ី ប្រាប់ថា តាមរយៈការធ្លាប់ចេញទៅប្រទេសទាំង៣ខាងលើ គឺគ្មានប្រទេសណាស្រួល និងសប្បាយជាងស្រុកខ្មែរឡើយ ដូចជា នៅអាមេរិក នោះ យើងចង់ញាំអី មិនមែនចេះតែមានដូចចិត្តនោះទេ គឺគេលក់មានម៉ោងពេលវេលារបស់គេ។ ចំណែកនៅស្រុកខ្មែរយើងវិញ ស្រួលណាស់ ឃ្លានចង់ញាំពេលណាក៏បាន។

តារាលេងសម្រស់រូបនេះ វាចាទៀតថា សម្រាប់អាមេរិក នាងអាចទៅដើរលេងត្រឹម២សប្ដាហ៍ មកស្រុកវិញអី គឺទៅបាន តែបើឲ្យទៅរស់នៅជាអចិន្ត្រៃយ៍វិញ នាងមិនអាចធ្វើចិត្តបានឡើយ។

ក្រៅពីគ្មាននិស្ស័យក្នុងការរស់នៅលើទឹកដីអាមេរិក នោះ រ៉ាប៊ី ក៏បានឲ្យដឹងដែរថា នាងគ្មានបំណងយកប្ដីជាអាណិកជនខ្មែរ នៅបរទេស ដូចរៀមច្បងមួយចំនួនឡើយ ព្រោះតែមិនចេះរស់នៅសុ្រកគេនេះឯង។ នាងថា ការចេញទៅអាមេរិក ២ខែនោះ មានប្រុសតាមស្រលាញ់ដែរ ប៉ុន្ដែនាងថា សម្រាប់នាងមិនមែនចិត្តងាយគេញ៉ែបានៗនោះទេ គឺពិបាកបន្ដិចហើយ។

ក្រៅពីបិទបេះដូងប្រុសក្រៅស្រុកនោះ កញ្ញារ៉ាប៊ី បានថ្ងូរថា ពេលនេះនាងគ្មានសង្សារទេ ក្រោយចែកផ្លូវគ្នាជាមួយប្រុសក្មេងម្នាក់ កាលពីពេលថ្មីៗនេះ។

ប៉ុន្ដែគេថា” ព្រាបណាថ្ងូរ ព្រាបនោះធាត់” ហេតុនេះហើយ រ៉ាប៊ី ដែលទើបទិញបន្ទប់ខុនដូនៅមាត់ទន្លេ តម្លៃ១០ម៉ឺនដុល្លារ នៅរដូវកូវីដ-១៩នោះ គេជឿថា នាងមិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ៕