អតីតតារាចម្រៀងសាន់ដេ និង Rock កញ្ញាសេន យូរី បានឲ្យដឹងថា ការឈានជើងចូលហង្សមាស របស់នាង គឺមិនមែនដើម្បីទៅជំនួសតំណែងកញ្ញាទេព បូព្រឹក្ស ដូចគេនិយាយឡើយ។ យូរី ថា ស្ទីលនាង និងបូព្រឹក្ស គឺខុសគ្នាស្រឡះ ព្រោះនាងលេង Style បែប Cute តែបូព្រឹក្ស វិញ Style បែបកាចៗ អីចឹងស្ទីលមិនដូច ឬមិនជាន់គ្នានោះទេ។

យូរី ប្រាប់ថា ទោះជាទ្រនំហង្សមាស ប្រជុំទៅដោយតារាខ្លាំងៗមែន ប៉ុន្ដែនាងមិនបារម្ភចំពោះការដណ្ដើមភាពលេចធ្លោនោះទេ ព្រោះតែម្នាក់ៗខំប្រឹងប្រែងរៀងៗខ្លួន គ្មានការប្រជែងគ្នាឡើយ ហើយពេលនេះបទចម្រៀងរបស់នាងចេញបាន៣បទហើយ ដែលក្នុងនោះបទ ”ផាំងៗ” ទទួលបានការគាំទ្រច្រើនជាងគេ។

យូរី បានច្រៀងនៅសាន់ដេ រយៈពេល៥ឆ្នាំ ក៏អស់និស្ស័យជាមួយទ្រនំនេះ ហើយចូលជ្រកនៅហង្សមាស បន្ទាប់ពីកញ្ញាទេព បូព្រឹក្ស ចេញទៅតាមសង្សារងួន ចាន់ដេវីត។

យូរី ថា ការមកដល់ហង្សមាស គឺនាងមានការផ្លាស់ប្ដូរច្រើន ទាំងការស្លៀកពាក់ និងក្បាច់រាំ ហើយនាងបានត្រៀមខ្លួនរកអ្វីដែលថ្មីៗជាច្រើនទៀត ដើម្បីឲ្យប្លែកផងដែរ។

ក្រៅពីយូរី អតីតតារាចម្រៀងសាន់ដេ ដែលស្ពាយបង្វេចចូលហង្សមាស មានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា ,សុខ ស្រីនាង , លោកនីកូ និងខេមរៈ សិរីមន្ដ ៕

