ភ្នំពេញ ៖ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា មានករណីហាងកាហ្វេចំនួន២កន្លែង ស្ថិតក្នុងភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខាងត្បូងផ្ទះមេឃុំព្រែកជ្រៃ ចំងាយប្រមាណ១០០ម៉ែត្រ មានការលួចលាក់បើកល្បែងស៊ីសង រួចមក លោកអធិការស្រុកកោះធំ បានបញ្ជាកម្លាំង ចុះស្រាវជ្រាវភ្លាមៗ និងបានធ្វើការកោះហៅម្ចាស់ហាងកាហ្វេទាំង២កន្លែងខាងលើ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាផងដែរ។

តាមមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋសុំមិនបញ្ចោញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មាន ខ្លឹមសារថា “ជម្រាបសួរបង សូមបងជួយចាត់កម្លាំងមកមើលវង់ល្បែងបៀរ នៅភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខាងត្បូងផ្ទះមេឃុំ ព្រែកជ្រៃ ១០០ម៉ែត្រ ដោយលេងរាល់ពេលរសៀល គ្មានសមត្ថកិច្ចទៅបង្ក្រាបទេ”។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍ព្រែកជ្រៃ ពិនិត្យស្រាវជ្រាវ បង្ក្រាបជាបន្ទាន់។

ជាលទ្ធផល នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកជ្រៃ បានចុះទៅបង្ក្រាប ដល់ចំណុចទីតាំងផ្ទះឈ្មោះង្វៀង ណែ ភេទប្រុស អាយុ៤៩ឆ្នាំ និងឈ្មោះផាម ធីឡាង ភេទស្រី អាយុ ៣៨ឆ្នាំ ជាជនជាតិវៀតណាម មានលំនៅក្បែរគ្នា ស្ថិតក្នុងភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំ គឺឃើញមានតែមនុស្សនាំគ្នាមកផឹកកាហ្វេ ភេសជ្ជៈ ជាដើម ពុំមានការលេង ល្បែងស៊ីសងបៀរទេ។
នៅចំពោះមុខនគរបាល ម្ចាស់ផ្ទះទាំង២ទីតាំងខាងលើ បានទទួលស្គាល់ថាកន្លងមកពិតជាមានគេនាំគ្នាលេងបៀរភ្នាល់ដាក់ទឹកកក កាហ្វេ ភេសជ្ជៈ ជាដើមនៅចំណុចផ្ទះពួកគាត់ដែលជាអ្នកលក់ដូរពិតមែន ប៉ុន្តែពុំដែលភ្នាល់ដាក់ប្រាក់អ្វីនោះទេ។

បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏បានកោះហៅម្ចាស់ទីតាំងខាងលើ មកធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យបញ្ឈប់ការផ្តល់ទីតាំង និងល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ៕