Wednesday, May 1, 2024
Homeព័ត៌មានជាតិលុយទុកសម្រាប់ប្រពន្ធសម្រាលកូន ហុចឲ្យទាំងអស់... សុំតែមួយប៉ុណ្ណោះ

លុយទុកសម្រាប់ប្រពន្ធសម្រាលកូន ហុចឲ្យទាំងអស់… សុំតែមួយប៉ុណ្ណោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ដែលត្រូវគេសង្ស័យថា ជាក្រុមចោរក្នុងមូលដ្ឋាន ប្រដាប់ដោយដាវសាំម៉ូរ៉ៃគ្រប់ដៃ និងពាក់មួក សុវត្ថិភាពបិទជិតគ្រប់ៗគ្នា បានធ្វើសកម្មភាពសម្រុកចូលប្លន់ អ្នកធ្វើនំស្រួយលក់ដល់ក្នុងផ្ទះ ដោយប្រមូលយកប្រាក់អស់ជិត២លានរៀល រួមនឹង ទូរស័ព្ទដៃ១គ្រឿង ខណៈពេលជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានក្រោកតាំងពីកណ្តាលអធ្រាត្រ ដើម្បីធ្វើនំលក់។

ករណីក្រុមចោរសាំម៉ូរ៉ៃ សម្រុកចូលប្លន់ផ្ទះអ្នកលក់នំខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវក្រុមចោរសម្រុកចូលប្លន់ ឈ្មោះហួន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំអូរតាគី ស្រុកថ្មគោល តែបានទៅស្នាក់នៅបណ្តោះផ្ទះបងប្អូន ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ទើបបានប្រហែល៣ខែ ដើម្បីប្រកបមុខរបរធ្វើនំស្រួយ លក់ឱ្យម៉ូយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះត្រូវក្រុមចោរពាក់មួកសុវត្ថិភាព និងប្រដាប់ដោយដាវសាំមូរ៉ៃក្នុងដៃគ្រប់ៗគ្នាផង បានចូលទៅគំរាមប្លន់យកប្រាក់ និងទូរស័ព្ទ ខណៈពេលជនរងគ្រោះ២នាក់ប្តីប្រពន្ធ កំពុងនាំគ្នាធ្វើនំនៅក្នុងផ្ទះ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ថា ជាទម្លាប់របស់ប្តីប្រពន្ធគាត់ គឺតែងងើបធ្វើនំស្រួយ ចាប់ពីម៉ោងជាង១២រំលងអធ្រាត្រ រហូតដល់ភ្លឺ ព្រោះម៉ូយមកទទួលយកទៅលក់តែម្តង។ លុះមកដល់យប់កើតហេតុ ខណៈដែលរូបគាត់ជាប្តីកំពុងឈរវ៉ៃម្សៅ ចំណែកប្រពន្ធកំពុងប្រែនំនៅក្នុងខ្ទះខ្លាញ់ ស្រាប់តែមានជនមិនស្គាល់មុខចំនួន៣នាក់ ដើរចូលមកសំដៅមករកពួកគាត់ តាមចំហៀងផ្ទះពីខាងក្រោយ ដោយពួកគេ (ក្រុមជនសង្ស័យ) សុទ្ធតែពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ ពាក់ស្រោមដៃ និងកាន់ដាវម្នាក់១ដើមក្នុងដៃ ដែលមើលទៅគួរឱ្យញាក់សាច់តែម្តង។

ជនរងគ្រោះបន្តថា ពេលនោះខ្លួនបានឃើញជនសង្ស័យ២នាក់ ឈរនៅក្បែរជញ្ជាំងផ្ទះចម្ងាយពីប្រពន្ធខ្លួនប្រហែល២ម៉ែត្រ រីឯម្នាក់ទៀតកាន់ដាវដើរមកឈរយ៉ាងកៀកក្បែរប្រពន្ធខ្លួន ហើយទាមទារយកប្រាក់តែម្តង។ ដោយជននោះនិយាយថា “ឱ្យលុយខ្ញុំចាយខ្លះមក” ពេលនោះគាត់ជាប្តីបានឆ្លើយថា “ខ្ញុំអត់មានលុយទេ” តែជននោះបានគំរាមថា “បើមិនឱ្យលុយទេ ប្រយ័ត្នខ្ញុំកាប់សម្លាប់ប្រពន្ធចោល”។

ជនរងគ្រោះបានបញ្ជាក់ ឮបែបនេះ ធ្វើឱ្យគាត់ភិតភ័យយ៉ាងខ្លាំង ខ្លាចជនសង្ស័យកាប់សម្លាប់ប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះផង ទើបគាត់បានឡើងលើផ្ទះប្រមូលយកប្រាក់ចំនួន១៧លានរៀល ដែលជាប្រាក់សន្សំទុកសម្រាប់ប្រពន្ធឆ្លងទន្លេ ប្រគល់ឱ្យក្រុមជនសង្ស័យទាំងអស់។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបានឆក់យកទូរស័ព្ទរបស់គាត់១គ្រឿង ម៉ាក OPPO ដែលទុកលើតុធ្វើនំទៅបាត់ទៀត តែយ៉ាងណា ក្រុមជនសង្ស័យមិនបានបង្កហិង្សាដាក់ប្តីប្រពន្ធរបស់គាត់ឡើយ។

ជាមួយនឹងការលេចមុខក្រុមចោរដាវសាំមូរ៉ៃទាំង៣នាក់ដែលពាក់មួកសុវត្ថិភាព ពាក់ម៉ាស់មុខ និងពាក់ស្រោមដៃគ្រប់ៗគ្នាដ៏ចម្លែកនេះ បើតាមប្រភពនានាបានសន្និដ្ឋានជាបឋមថា ដោយយោងលើភិនភាគដែលជនរងគ្រោះ បានអះអាងនោះ គេសង្ស័យក្រុមចោរសាំម៉ូរ៉ៃនេះ អាចជាក្រុមចោរនៅក្នុងមូលដ្ឋាន ហើយក៏ជាពួកប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ។

លោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ បានបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់កំណត់បាននូវមុខសញ្ញាក្រុមជនសង្ស័យ ដើម្បីឈានដល់ការ ចាប់ខ្លួនបាននៅឡើយទេ។ យ៉ាងណា សមត្ថកិច្ចក៏មានការសង្ស័យថា មុខសញ្ញាប្លន់ខាងលើ អាចជាមុខសញ្ញាក្នុងមូលដ្ឋានផងដែរ តែពេលនេះ មន្ត្រីជំនាញកំពុងតាមដាននូវមុខសញ្ញាមួយចំនួន ដែលកំពុងសង្ស័យហើយ៕

RELATED ARTICLES