Monday, July 14, 2025
Homeព័ត៌មានជាតិលោកសុខ ទូច ថា ភាពអត់ធ្មត់ត្រូវបានបញ្ចប់ ចំពោះអ្នកកាប់ព្រៃឈើ

លោកសុខ ទូច ថា ភាពអត់ធ្មត់ត្រូវបានបញ្ចប់ ចំពោះអ្នកកាប់ព្រៃឈើ

ភ្នំពេញ ៖ ដោយសារតែមើលឃើញថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារ នៅតែបន្តកើតមាន លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានប្រកាសថា ការអត់ធ្មត់របស់លោក ត្រូវបានបញ្ចប់ ដូច្នេះចាប់ពីពេលនេះទៅ លោកនឹងអនុវត្តវិធានការផ្លូវច្បាប់ ចាប់ទាំងឈើ និងអ្នកប្រព្រឹត្តបទល្មើស យកមករក្សាទុក និងបញ្ជូនទៅចាត់ការតាមនីតិវិធី។

លោកបណ្ឌិត សុខ ទូច បានសរសេរនៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ថា “ការអត់ធ្មត់របស់ខ្ញុំ ត្រូវបានបញ្ចប់ ដូច្នេះយើងត្រូវតែអនុវត្ត…

១. យើងបានអប់រំឱ្យគាត់ស្រឡាញ់ព្រៃឈើ អស់រយៈពេល២ឆ្នាំហើយ និងសុំឱ្យកុំកាប់ព្រៃឈើ កាប់ឈើរានយកដី ប៉ុន្តែគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ ទំពាំង…

២. យើងបានបង្កើតការងារឱ្យគាត់មកចិញ្ចឹមមេគោទឹកដោះ ចៀម ពពែ។
៣. គាត់អាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រ ពីដើមច្បោះ (ជ័រត្រាច ជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិកួយ ដែលជាជនដើមភាគតិច

៤. យើងបានធ្វើអ្វីៗទាំងអស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កូនចៅជំនាន់ក្រោយរបស់គាត់
៥. ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ចប់ កូនចៅរបស់គាត់ នឹងក្លាយទៅជាអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ ដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ រៀបចំផ្ទះសំណាក់ រៀបចំម្ហូបអាហារជូនភ្ញៀវទេសចរ ជាដើម ដែលយើងនឹងរៀបចំបណ្តុះបណ្តាលនៅពេលខាងមុខ។

ទាំងអស់នេះហើយដែលយើងចង់ជួយគាត់ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តកាប់បំផ្លាញឈើល្អៗ រានយកដី ដោយកាប់ហើយដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដដែល ដូច្នេះយើងនឹងចាប់ផ្ដើមអនុវត្តច្បាប់ហើយ ចាប់ពីពេលនេះទៅ យើងនឹងចាប់ទាំងឈើ ទាំងអ្នកប្រព្រឹត្តបទល្មើស និងទាំងគោយន្ត យកមករក្សាទុកហើយ“។

សូមបញ្ជាក់ការប្រកាសរបស់លោកបណ្ឌិត សុខ ទូច ខាងលើនេះ ធ្វើឡើងក្រោយពេលដែលលោកបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយពន្លឿនការចាត់វិធានការនិងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ៣១គ្រួសារ ដែលរស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហើយត្រូវអាជ្ញាធរខេត្ត បានសម្រេចផ្ដល់ជូននូវដីដែលមានទំហំ ១៥០០ម៉ែត្រក្រឡា (ទទឹងប្រវែង ៣០ម៉ែត្រ បណ្ដោយប្រវែង ៥០ម៉ែត្រ) ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា សាលារៀន វត្តអារាម ភូមិ និងអណ្ដូងទឹក ឱ្យបានកាន់តែឆាប់រហ័ស កាលពីចុងឆ្នាំ២០២០ ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះ ឈប់កាប់បំផ្លាញព្រៃឈើទៀត។

លោកសុខ ទូច បានបង្ហោះរូបភាពកាប់បំផ្លាញដើមឈើ ជាមួយនឹងសំណេរ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ថា “នៅថ្ងៃនេះ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើ អស់ ៣០០ដើម ដែលអ្នកកាប់បំផ្លាញនេះ បានដឹងថា ខ្ញុំមិនបានធ្វើការល្បាត រយៈពេលប្រមាណជិត ១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង។

អ្នកដែលកាប់បំផ្លាញទាំងនេះ គឺជាអ្នកដែលទើបតែបានរស់នៅក្នុងឧទ្យាននេះ នៅក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ស្ដីពីការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងដាក់ឧទ្យាននេះ ទៅជាឧទ្យានសម្រាប់ធ្វើការអភិរក្ស។ ក្រុមការងារ បានចុះទៅត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋទាំង ៣១គ្រួសារ ដែលរស់នៅក្នុងឧទ្យាននេះ ចំនួន ១៥ខ្នង និងបានរកឃើញថា នៅក្នុងផ្ទះទាំង ១៥ខ្នងនេះ សុទ្ធសឹងតែមានឈើដែលត្រូវបានកាប់បំផ្លាញពីឧទ្យាន។

ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានចាត់តាំងអភិបាលរងខេត្ត មួយរូប ដើម្បីដាក់ចេញនូវចំណាត់ការ និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ ដោយអាជ្ញាធរខេត្ត បានសម្រេចផ្ដល់ជូននូវដីដែលមានទំហំ ១៥០០ម៉ែត្រក្រឡា (ទទឹងប្រវែង ៣០ម៉ែត្រ បណ្ដោយប្រវែង ៥០ម៉ែត្រ) ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា សាលារៀន វត្តអារាម ភូមិ និងអណ្ដូងទឹក ដោយនៅពេលដែលពួកគាត់តាំងលំនៅក្នុងឧទ្យាននេះ ពួកគាត់ពុំទទួលបានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើយ។

អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរដែលមានសមត្ថកិច្ច មេត្តាជួយពន្លឿនការចាត់វិធានការនិងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ ឱ្យបានកាន់តែឆាប់រហ័ស“។

ជុំវិញការប្រកាសអនុវត្តវិធានការផ្លូវច្បាប់ទៅលើជនល្មើសបំផ្លាញព្រៃឈើក្នុងឧទ្យានរាជបណ្ឌិតសភា តេជោសែន ឫស្សីត្រឹប ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់ ការបញ្ជាក់បន្ថែមពីលោកបណ្ទិត សុខ ទូច បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកជាប់រវល់។

គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុប ចំនួន ១១៤,៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះ មានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបរិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍។

បើតាមលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននិងកំពុងអនុវត្តគម្រោងមួយចំនួន ក្នុងនោះ រួមមាន គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះនិងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើ រួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

ទៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិរក្ស និងអភិវឌ្ឍ ប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ កន្លែងទេសចរណ៍ទាំងនោះ មានចំនួន៤ រួមមាន ៖ ទី១ ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ទី២ ជាទីកន្លែងអភិរក្សព្រៃឈើ បរិស្ថានធម្មជាតិ ទី៣ ជាកន្លែងជម្រកសត្វគ្រប់ប្រភេទ និងទី៤ ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥ ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ៕

RELATED ARTICLES