Sunday, July 13, 2025
Homeព័ត៌មានជាតិក្រោយអស់ជាង៤០០ដុល្លារ បានត្រឹមសុំគេឆែកកាមេរ៉ា រួចទៅប្តឹងប៉ូលិស

ក្រោយអស់ជាង៤០០ដុល្លារ បានត្រឹមសុំគេឆែកកាមេរ៉ា រួចទៅប្តឹងប៉ូលិស

ភ្នំពេញ ៖ ស្ត្រីជាកម្មករសំណង់ម្នាក់ ត្រូវបានក្រុមទម្លាក់យោង ចំនួន៤នាក់ ប្រើល្បិចធ្វើជាជ្រុះមាស ហើយនាំយកទៅកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ អស់គិតជាប្រាក់ប្រមាណជាង ៤០០ដុល្លារ ហើយគេចខ្លួនបាត់ បន្សល់ទុកគ្រាប់កង់មួយកូនថង់ ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេងតូតាល់ តាមផ្លូវលេខ៥៩៨ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះដែលចាញ់ល្បិចទម្លាក់យោងខាងលើ មានឈ្មោះស៊ុន រ៉ែន អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ ធ្វើការនិងស្នាក់នៅកន្លែងការដ្ឋានក្នុងវត្តញ្ញាណរង្សី សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នាងបានធ្វើដំណើរទៅផ្សារ ងិន អាន ហៅផ្សារទំនប់ ខាងកើតអតីតរង្វង់មូលខាំកូស៊ីធី ដើម្បីទិញម្ហូប ស្រាប់តែពេលចូលទៅដល់ភ្លាម មាននារីម្នាក់ ធ្វើជារើសបានកញ្ចប់មាស យកបង្ហាញ ហើយនារីម្នាក់ទៀត ធ្វើជានិយាយបញ្ចុះបញ្ចូលនាំទៅលក់ចែកគ្នា ហើយមានម៉ូតូ២គ្រឿងទៀត ជាអ្នកដឹកមកឈប់នៅតាមផ្លូវលំ ខាងលិច ជាប់ម៉ាតតូកាល់ ហើយដោះយកខ្សែដៃ១ខ្សែ ដែលទិញក្នុងតម្លៃ ២០០ដុល្លារ ព្រមទាំងក្រវិលមាស១ជី រួចប្រគល់ឱ្យកូនកាបូបដែលមានសុទ្ធតែគ្រាប់កង់ មួយកូនថង់ រួចនារី២នាក់នោះបានជិះម៉ូតូមួយគ្រឿង ដែលជាបក្ខពួកគេចទៅបាត់។ ដោយឡែក ម៉ូតូ១គ្រឿង ដែលសង្ស័យជាបក្ខពួកដែរនោះ មិនព្រមដេញតាមទេ បន្ទាប់ពីនារីនោះដឹងខ្លួនថា ចាញ់បោកគេ។

តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីចាញ់បោកគេ នារីរូបនោះបានហៅម៉ូតូឌុបជិះតាមរកគ្រប់ច្រកមិនឃើញ នៅវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹក ក៏បានធ្វើដំណើរទៅសុំបុគ្គលិកម៉ាតតូតាល់ ឆែកមើលកាមេរ៉ាសុវត្ថិភាព ទាំងយំខ្សឹកខ្សួលរៀបរាប់គួរឱ្យអាណិតអាសូរជាខ្លាំង។

នារីរូបនោះយំរៀបរាប់ថា នាងត្រូវបានគេដាក់ថ្នាំ យកគ្រឿងអលង្ការអស់ពីខ្លួន បន្ទាប់ពីសួរនាំ ទើបដឹងថា ចាញ់បោកក្រុមទម្លាក់យោង។ ក្រោយមក នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ទាំងអស់សង្ឃឹម។

គួរបញ្ជាក់ថា ល្បិចទម្លាក់យោងនេះ គឺជាល្បិចដ៏ចាស់គំរឹល ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន នៅតែមានប្រសិទ្ធភាព ដោយមានអ្នកចាញ់បោកអស់ពីខ្លួន សល់តែទឹកភ្នែក ជាញឹកញាប់៕

RELATED ARTICLES