ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាថៅកែខ្សាច់នៅគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) បទរំលោភលើទំនុកចិត្ត និងបទក្លែងឯកសារសាធារណៈ។
ថៅកែបូមខ្សាច់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡុង ហ្វីលីប ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ ថៅកែដេប៉ូខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ខាងលើនេះ ត្រូវបានចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និងបទក្លែងឯកសារសាធារណៈ»។ ការចាប់ខ្លួនជនសង្ស័យខាងលើ ដោយសារគេចវេះមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ។
ឈ្មោះឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ ឈ្មោះសាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែលបញ្ជាទិញពីឌូបៃ នាំចូលមកប្រទេសកម្ពុជា ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្តងៗ ខ្លួនបានចេញសែកតម្កល់និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។ ក្នុងនោះប្រាក់ដែលត្រូវបង់ពន្ធ ចំនួន៤៨០០០ដុល្លារ លើរថយន្ត១២គ្រឿង ដែលនាំចូល មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តឡិចស៊ីស។

បន្ទាប់មក ខ្លួនបានលក់រថយន្តទាំងនោះឲ្យក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះ ស្ទះលុយបង្វិលប្រាក់សងមកខ្លួនមិនទាន់ពេលវេលាដែរ ទើបខ្លួននៅជំពាក់ប្អូនធម៌ ឈ្មោះសាយ សេងថៃ ដល់សព្វថ្ងៃ៕