ខេត្តកណ្តាល ៖ សង្វៀនបញ្ជល់មាន់ យកន្លែង ដែលត្រូវបានក្រុមអ្នកញៀនល្បែងលួចលាក់លេងនៅក្នុងព្រៃឫស្សីមួយកន្លែង ត្រូវបានសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប និងបានចាប់ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន២នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន ក្នុងនោះ មាន មាន់ជល់ ២ក្បាលផងដែរ។

ប្រតិបត្តិការបង្ក្រាបសង្វៀនមាន់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចគម្ពោធព្រៃឫស្សី ខាងកើតភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ទី១- ឈ្មោះអ៊ុំ សំអាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល និងទី២- ឈ្មោះឈឺ សុភក្រ័ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក មានលំនៅក្នុងភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល។ រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ៣គ្រឿង សត្វមាន់ជល់២ក្បាល ជញ្ជីងថ្លឹងមាន់១គ្រឿង កូនឆ្នាំង២ ចង្ក្រានហ្គាស់១ កំប៉ុងហ្គាស់២ ថង់ជ័រ១ និងកម្រាលព្រំ១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅគម្ពោធព្រៃខាងកើតភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល មានលេងល្បែងស៊ីសងជល់មាន់ យ៉ាងពពាក់ពពូន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាន ប៉ុស្តិ៍នគរបាលទួលព្រេជ បានរាយការណ៍ជូនលោកអធិការស្រុកអង្គស្នួល បន្ទាប់មកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ សហការជាមួយកម្លាំងជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងមួយចំនួនដូចខាងលើ។

ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕