ឱក សុគន្ធកញ្ញា ថ្លែងប្រាប់អ្នកសារព័ត៌មានរបស់ទូរទស្សន៍ហង្សមាស ដែលនៅក្រោមការគ្រប់គ្រងរបស់ប្ដីនាង លោកអ៊ឹង សុខលី នោះថា ពេលនេះជីវិតរបស់នាងប្រែប្រួលហើយ ក្រោយមានប្ដីនិងកូន១។ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ថែមទាំងជំរុញឲ្យអ្នកនៅលីវ គួរកុំពន្យារពេលយូតទៅទៀត ព្រោះពេលមានគូ នឹងធ្វើឲ្យជីវិតមានការផ្លាស់ប្ដូរ ដូចជារូបនាងដែរ។

សាររបស់សុគន្ធកញ្ញា នេះដែរ ធ្វើឲ្យអ្នកនៅលីវជាច្រើនរំជើបរំជួលផងដែរ ព្រោះតែឆ្លងកាត់ការមានប្ដីនិងកូន១នេះ សុគន្ធកញ្ញា ថា នាងពេញចិត្តនូវជីវិតបែបនេះ ហេតុនេះហើយការមានគូស្រករ គឺជារឿងល្អជាងនៅលីវ។

នាងបន្ថែមថា ពីមុនកាលនាងមិនទាន់មានប្ដី កូន គឺខ្លួន១ ចង់ទៅណាតាមចិត្ត តែពេលនេះមុនទៅណាងូតទឹក ឬរៀបចំខ្លួនឲ្យកូនសិន ទើបទៅបាន។ នាងថាពេលនេះក្លាយទៅជាទម្លាប់ទៅហើយ តែនាងពេញចិត្តនូវជីវិតដូចសព្វថ្ងៃនេះណាស់ ហេតុនេះហើយនាងយកបទពិសោធន៍ជីវិតផ្ទាល់ខ្លួនចង់ឲ្យអ្នកនៅលីវ អត់ទាន់មានគូ មានគូដូចនាងដែរ។

នេះមិនមែនជាលើកទី១ឡើយ ដែលឱក សុគន្ធកញ្ញា តែងតែបញ្ចេញសារបង្ហាញថា នាងកំពុងតែរស់នៅដោយសុខសុភមង្គល ដូចអ្វីដែលជាក្ដីស្រម៉ៃក្លាយទៅជាការពិត។ សុគន្ធកញ្ញា ធ្លាប់បញ្ចេញសារអំឡុងពេលនាងនាំប្ដី និងបីកូនទៅកម្សាន្ដនៅខេត្តសៀមរាប នោះថា បើដឹងថា មានប្ដី មានកូន ជីវិតសប្បាយបែបនេះ ម្ល៉េះនាងយកប្ដីយូរហើយ…។

ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ Charlie ។ សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកថា ជាតារាចម្រៀងដែលជោគជ័យទាំងអាជីពសិល្បៈ និងស្នេហា៕

